Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផៃ ស៊ីផាន ដឹកនាំសមាគមសិល្បកខ្មែរ ចុះមើលពីភាពខ្វះខាតនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីស្វែងរកធនធានមកជួយទ្រទ្រង់

24-07-2019 19:38

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំសមាគមសិល្បកខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បកខ្មែរផងដែរ ចុះពិនិត្យមើលស្ថានភាពអ្នកជំងឺដែលមកទទួលសេវាព្យាបាល និងភាពខ្វះខាតនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីខិតខំធ្វើយ៉ាងណាស្វែងរកធនធាន មកជួយទ្រទ្រង់មន្ទីរពេទ្យកុមារជាតិនេះ ឱ្យបានផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ផៃ ស៊ីផាន បានលើកឡើងថា គោលបំណងដែលលោកបានដឹកនាំសមាគមសិល្បកខ្មែរ ដើម្បីចុះមកមើលឱ្យបានឃើញផ្ទាល់នៃដំណើរការ នៃព្យាបាលរបស់មន្ទីពេទ្យកុមារជាតិនេះ ដើម្បីចង់ឃើញពីសកម្មភាពជាក់ស្តែង នៃការផ្តល់សេវាកម្មផ្នែកសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ និងចំនួនដែលប្រជាពលរដ្ឋ បានមកទទួលសេវាព្យាបាលនេះដោយផ្ទាល់។

ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងដែរថា បន្ទាប់ពីចុះពិនិត្យហើយនោះ អ្នកនាងមើលឃើញសកម្មភាពនៃពន្ទីរពេទ្យកុមារជាតិនេះ នៅមានការខ្វះខាតថវិកា និងអគារសម្រាប់អ្នកជំងឺ ក្នុងការមកទទួលយកសេវាព្យាបាល និងមានការខ្វះខាតនូវចំណុចជាច្រើនទៀតនោះ សមាគមសិល្បកខ្មែរ និងចូលរួមជួយធ្វើជាឃ្លីប Video ក្នុងការអប់រំដល់ឪពុកម្តាយ ដើម្បីបង្កាពីជំងឺផ្សេងៗ ក្នុងនោះដែរ បើសិនជារដ្ឋាភិបាល ឬក្រសួងមានការគាំទ្រ ក្នុងករណីមានការប្រគុំតន្ត្រីណាមួយ ដែលអាចប្រមូលបានមូលនិធិ ដើម្បីជួយដល់មន្ទីរពេទ្យកុមារជាតិនោះ អ្នកសិល្បៈនឹងស្ម័គ្រចិត្តចូលរួមជួយច្រៀងដោយមិនគិតថ្លៃ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា ដោយមើលឃើញថា មន្ទីរពេទ្យកុមារជាតិនេះ នៅមានការខ្វះខាតថវិកា និងទីតាំងក្នុងការជួយសង្គ្រោះដល់អ្នកជំងឺជាច្រើនទៀតនោះ សូមឱ្យសប្បុរសជនទាំងជាតិ និងអន្តរជាតិ ដែលមានថវិកាគ្រប់គ្រាន់ និងមានចំណងចង់ធ្វើការបរិច្ចាគ ដើម្បីជួយដល់អ្នកជំងឺ ក៏ដូចជាជួយដល់កុមារតូចៗដែលកំពុងតែត្រូវការ ការជួយសង្គ្រោះនោះ សូមងាកមកជួយដល់មន្ទីរពេទ្យកុមារជាតិនេះ ដែលមានអ្នកជំងឺ ជាកុមារបានចូលទទួលការព្យាបាលយ៉ាងច្រើនជារៀនរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងដែរថា មន្ទីរពេទ្យកុមារជាតិ មានអ្នកជំងឺបានចូលទទួលការព្យាបាល យ៉ាងច្រើននៅឆ្នាំនេះ ខណៈបើប្រៀបធៀបជាមួយនឹងឆ្នាំមុននេះ គឺមានការកើនឡើងស្ទើរតែ២ដង៕