(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានចំនួន៤រូប, ប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន១រូប, នាយកខុទ្ទកាល័យ ប្រធាន គ.ជ.ប ចំនួន១រូប និងនាយខុទ្ទកាល័យ ប្រធាន គ.ជ.ប ចំនួន១រូប ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់តំណែងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នេះជាលើកទី១ ហើយដែលស្ថាប័ន គ.ជ.ប ធ្វើការប្រកាសតែងតាំងប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដោយសារមន្ត្រីមួយចំនួន ដែលដល់អាយុចូលនិវត្តន៍ត្រូវបញ្ចប់មុខតំណែង ហើយ គ.ជ.ប បានជ្រើសរើសមន្ត្រីថ្មីមកជំនួសតំណែង ដើម្បីបន្តវេន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា ហេតុដែលនាំឱ្យមានការផ្លាស់ប្តូរ ថ្នាក់ដឹកនាំប្រធាននាយកដ្ឋានថ្ងៃនេះ ព្រោះដោយសារច្បាប់ ហើយមន្ត្រីបោះឆ្នោតពីមុន សុទ្ធតែជាមន្រ្តីជាប់កិច្ចសន្យា។ លោកបន្ថែមថា ចាប់តាំងពីមានកំណែទម្រង់ការបោះឆ្នោតនៅឆ្នាំ២០១៥ មក មន្ត្រីបោះឆ្នោតដែលជាថ្នាក់ដឹកនាំ នាយកដ្ឋានទាំងនេះ ជាអ្នករាជការ គ.ជ.ប ហើយឥឡូវដល់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ព្រោះច្បាប់កំណត់។
លោក ស៊ិក ប៊ុនហុក បានបន្តថាការជ្រើសរើស និងតែងតាំងមន្ត្រីដែលមានសមត្ថភាព ឱ្យសមស្របនឹងសមត្ថភាពរបស់មន្ត្រីនោះ (put the right person in the right job) ហើយការងារនេះ ត្រូវធ្វើឡើងដោយតម្លាភាពបំផុត ដើម្បីពង្រឹងការងារក្នុងវិស័យបោះឆ្នោត។ លោកក៏បានពន្យល់ និងចែករំលែកបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំផងដែរ ដោយលើកទស្សនៈរបស់លោក ដាល់ កាណាស៊ី (Dal Canacy)។
ជាមួយគ្នានេះ លោក ស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា គ.ជ.ប នឹងបន្តការងាររៀបចំអ្នកបន្តវេនជាច្រើនផ្សេងទៀត ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់រាជធានី ខេត្ត ដោយសារមន្ត្រីបោះឆ្នោតមួយចំនួនទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់រាជធានី ខេត្ត ដល់អាយុចូលនិវត្តន៍ដែលត្រូវបញ្ចប់មុខតំណែង។ ទាំងអស់នេះជាការពង្រឹងស្ថាប័នបោះឆ្នោត ឱ្យទៅជាស្ថាប័នមួយដែលទទួលបានការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដូចដែលធ្លាប់ធ្វើនាពេលកន្លងមក៕