(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៥៣នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F3A) មូលហេតុដោយសារមានអេស្ការវ៉ាទ័ររបស់ក្រុមហ៊ុន TOA Corporation កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ៖(១)ផ្លូវត្រឡោកបែក ផ្លូវ៥៩២ ផ្លូវ៣១៣ ផ្លូវ៣៣៧ និងផ្លូវ៣១៥ សង្កាត់បឹងកក់២ (២)ផ្លូវ៣១៧ និងផ្លូវ៣៣៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក (៣)ផ្លូវឧកញ៉ាម៉ុងឫទ្ធី និងផ្លូវភ្នំពេញថ្មី ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦៖៣១នាទីរសៀល។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕