(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ វិស័យសុខាភិបាល អង្គការខាណា និងដៃគូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោង សាកល្បងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហមន៍ នៅសង្កាត់ច្បារអំពៅ១, ច្បារអំពៅ២ ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ហេង សុវត្ថា អភិបាលរង តំណាងអភិបាលខណ្ឌច្បារអំពៅ, ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខណ្ឌច្បារអំពៅ។
ក្នុងនាមលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ, លោកស្រី ហេង សុវត្ថា បានថ្លែងនូវការស្វាគមន៍ ដោយសម្តែងនូវការសប្បាយរីករាយ ចំពោះអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការដៃគូ ដែលបានសហការគ្នាល្អ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ គណៈកម្មការសម្របសម្រួលការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍សង្កាត់ទាំង២ ក្នុងការអនុវត្តគម្រោងសាកល្បងនេះ បានដោយរលូន។
លោកវេជ្ជបណ្ឌិត ស៊ិន អ៊ាប តំណាងវិស័យសុខាភិបាល បានគូសបញ្ជាក់ថា ភាពញៀនគ្រឿងញៀន ជាជំងឺខួររ៉ាំរ៉ៃចាំបាច់ ត្រូវតែទទួលការព្យាបាល សមស្របតាមបច្ចេកទេសវេជ្ជសាស្រ្ត ការព្យាបាលនឹងធ្វើឲ្យកាត់បន្ថយភាពញៀន ហើយពួកគាត់មានសុខភាពប្រសើរឡើង ព្រមទាំងបង្កើនសន្តិសុខសង្គម។ ក្រោយអនុវត្តន៍គម្រោងបានរយៈពេល១០ខែមកនេះ មានអ្នកញៀនគ្រឿងញៀន បានមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ មានចំនួន១២៨នាក់។
ក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ លឹម តុងហួត បានថ្លែងនូវការកោតសសើរ ដល់អ្នកពាក់ព័ន្ធដែលបានសហការគ្នា លើឆន្ទៈតែមួយ ជំរុញឲ្យអ្នកញៀនគ្រឿងញៀន ទទួលបានសេវាព្យាបាល។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានសង្កត់ធ្ងន់ថា ការជួយអ្នកញៀនគ្រឿងញៀន ឲ្យទទួលបានសេវាព្យាបាល គឺជួយឲ្យសហគមន៍មានសុវត្ថិភាព និងបានសំណូមពរ ដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាបន្តទៀតដើម្បីការងារយើងរីកចម្រើនទៅមុខទៀត៕