(ភ្នំពេញ)៖ និស្សិតប្រមាណជិត ៤០០នាក់ មកពីសាកលវិទ្យាល័យចំនួន៣ គឺសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបញ្ញាជាតិ បានជួបជុំគ្នា នៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីទទួលបន្ទុក និងសម្របសម្រួលការងារនិស្សិត នៅក្នុងសាកលវិទ្យាល័យទាំងបីនេះ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមាន របស់លោក ម៉ី វ៉ាន់ និង លោក អ៊ឹង សែ ប្រធាន អនុប្រធានក្រុមការងារ គ្រប់គ្រងនិស្សិតក្រុមទី៦ នៃសមាគមនិស្សិតអាហារូបករណ៍ សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (អ ម ត) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារ គ្រប់គ្រងនិស្សិតក្រុមទី៦ នៃសមាគម អ.ម.ត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត និងបងប្រុស ហ៊ុន ម៉ាណែត ប្រធានសមាគមនិស្សិតអាហារូបករណ៍ អ.ម.ត បានបានលះបង់គ្រប់បែបយ៉ាង និងយកចិត្តទុកដាក់ណាស់ចំពោះ សិស្សនិស្សិត យុវជន ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្ននេះ សម្តេចតេជោ បានមកនូវកិត្យានុភាព និងកិត្តិយសជាតិ នៅលើឆាកជាតិនិងអន្តរជាតិ។
លោកបន្តថា ការអភិវឌ្ឍរបស់ប្រទេសជាតិ កំពុងរង់ចាំប្អូនប្អូនៗ ព្រោះថា សម័យបច្ចេកវិទ្យាប្អូនមានឱកាស និងលទ្ធភាពច្រើន នៅក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍ សមត្ថភាព ដើម្បីដើរឲ្យទាន់និងកាលានុវត្តភាព និងសេដ្ឋកិច្ចឌីជីថល (Digital) ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ទាំង hardware និង software។
ជាមួយគ្នានោះ លោក ម៉ី វ៉ាន់ ក៏បានកោតសរសើរ និងលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីបានទាំងចំណេះដឹង បទពិសោធន៍ និងចំណេះធ្វើ ដើម្បីជួយដល់គ្រួសារ និងជាកម្លាំងបន្តវេន ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះថាប្អូនៗ គឺជាទំពាំងស្នងឬស្សី និងជាធនធានជាតិដ៏មានតម្លៃ សម្រាប់ការពារជាតិ និងអភិវឌ្ឍប្រទេសជាតិ។
តាមរបាយការណ៍គ្រប់គ្រងនិស្សិត បានឲ្យដឹងថា អ.ម.ត (ក្រុមទី៦) បានអនុវត្តការងារដោយទទួលលទ្ធផលគួរជាទីមោទនៈ រួមមាន៖
* ការរៀបចំធ្វើបច្ចុប្បន្នភាពនិស្សិត និងបោះឆ្នោតជ្រើសរើសតំណាងនិស្សិតអ.ម.ត.ប្រចាំជំនាន់នីមួយៗ
* ការចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្ដេចតេជោ
* ការចូលរួមបរិច្ចាគឈាម ចូលរួមសង្កេតការណ៍ប្រឡងទុតិយភូមិ
* ការចូលរូមសកម្មភាពសម្អាតបរិស្ថាន
* ការរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា ក្នុងកម្មពិធី កីឡាជាតិ និងកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងការងារសង្គមជាច្រើនទៀត។
សូមបញ្ជាក់ថា អ.ម.ត ចែកចេញជាក្រុមការងារចំនួន១៨ ក្រុមដែលក្រុមនីមួយៗ ទទួលបន្ទុកការងារនិស្សិត តាមសាលាផ្សេងៗនៅតាមរាជធានី ខេត្តសំដៅធានា បាននូវការយកចិត្តទុកដាក់ និងប្រសិទ្ធភាព នៃការរៀនសូត្ររបស់និស្សិតអ ម ត នៅតាមសាកលវិទ្យាល័យនីមួយៗ។
ចុងបញ្ចប់នៃកម្មវិធី ប្អូនៗនិស្សិត បានបោះឆ្នោតជ្រើសរើសតំណាងនិស្សិត តាមសាកលវិទ្យាល័យចំនួន៣ គឺតំណាងនិស្សិតនៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបញ្ញាជាតិ ព្រមទាំងបានទទួលទានអាហារជុំគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕