(ភ្នំពេញ)៖ ករណីជនមិនស្គាល់មុខ ប្រើកូនចៅទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត៤ហិកតា មានតម្លៃខ្ទង់ជិត២០លាន ដុល្លារកាលពីពេលថ្មីៗនេះ ឥឡូវមន្ត្រីអាជ្ញាធរបានស្គាល់អត្តសញ្ញាណ ជនខាងលើនេះហើយ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួម បោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេកើយរបស់គេរួចមក។
តាមប្រភពពីមន្ត្រីអាជ្ញាធរ ដែលដកស្រង់ចំលើយរបស់ជនទៅបោះបង្គោលរំលោភយកដីវត្តខាងលើ បានអះអាងថា អ្នកដែលបញ្ជាអោយរូបគេ ទៅបោះបង្គោលយកដីវត្តខាងលើគឺមានឈ្មោះហេង ចេស្ដា ប្រធានក្រុមហ៊ុន ហេង ចេស្ដា តែអត្តសញ្ញាណពិតប្រាកដគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ អ្នកខ្លះគេថាឈ្មោះ ហេង ចេស្ដា នេះ មានឋានៈជាឧត្តមសេនីយ៏ ។ ក្នុងនោះតាមការអះអាង ក្រោយពីមន្ត្រីអាជ្ញាធរលើកគ្នាចុះទៅ ដកបង្គោលបោះរំលោភយកដីវត្ត និងឃាត់ខ្លួនកូនចៅគេយកទៅសួរនាំរួចមក មានបុរសម្នាក់ដែលអះអាងថា ឈ្មោះ ហេង ចេស្ដា ខាងលើ បាន ទូរស័ព្ឌទៅគំរាមមន្ត្រីអាជ្ញាធរមូលដ្ឋានទៀតផង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានមនុស្សមួយក្រុមមានគ្នាជិត១០នាក់ បាននាំគ្នាយកបង្គោលទៅបោះរំលោភយកដីស្រះទឹកវត្តគោក បញ្ជាន់មានទំហំជាង៣ហិកតា មានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ហើយបោះទីតាំងឈរជើងនៅទី នោះដើម្បីការពារបង្គោល និងដីដែលពួកគេអះអាងថាធ្វើតាមបញ្ជាមេរបស់ពួកគេ។ ក្រោយមានករណីបែបនេះ បានធ្វើអោយអ្នកភូមិផ្ទុះប្រតិកម្ម ឡើង ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីអាជ្ញាធរខណ្ឌពោធ៌សែនជ័យ បានលើកគ្នាចុះទៅដកបង្គោលស៊ីម៉ង់ត៍នោះ ចេញវិញរួមទាំងឃាត់ខ្លួនមនុស្សចំនួន២នាក់ យកទៅសាកសួរផងដែរ តែក្រោយមកបុរសម្នាក់ មិនមានពាក់ព័ន្ធក៏ដោះលែងវិញ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធតែម្នាក់ប៉ុណ្ណោះ។
បុរសដែលត្រូវបានឃាត់ខ្លួននោះត្រូវបានគេស្គាល់ឈ្មោះ ហង្ស ពេជ្រ ភេទប្រុស អាយុ៥៦ ឆ្នាំ អតីតយោធាពិការនៅអង្គភាពភូមិភាគពិសេស មុនធ្លាក់ខ្លួនពិការ មានឋានន្តរស័ក្ក ថ្នាក់វរសេនីយ៍ឯក មានទីលំនៅបច្ចុប្បន្ន ភូមិតាង៉ូវ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ តាមចំលើយរបស់លោក ហង្ស ពេជ្រ បានអោយដឹងថា គាត់មកមើលដីខាងលើនេះតាមបញ្ជា ក្រុមហ៊ុន ហេង ចេស្ដា ដែលមានទីស្នាក់ការនៅម្ដុំវត្តនិរោធខណ្ឌច្បារអំពៅតែ ប៉ុណ្ណោះ។ បច្ចុប្បន្ន ឈ្មោះហង្ស ពេជ្រ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ពាក់ព័ន្ធការអះអាងខាងលើ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងក្រុមហ៊ុន ហេង ចេស្ដា ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៥ ដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាន់នេះ មានទំហំ៣៦,៦៥៦ម៉ែត្រការ៉េ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញកាលសម័យណោះ ចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជា សម្បត្តិ របស់វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលពីអំឡុងឆ្នាំ២០១៦ ដីស្រះព្រះទន្លេនេះ ធ្លាប់មានក្រុមជនខិលខូចឃុបឃិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរារាំង និង ប្តឹងទប់ស្កាត់ទាន់ពេលវេលា។
ដោយនៅពេលនោះក្រុមជនខិចខូច បានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជាកម្មសិទ្ធិរបស់វត្ត ទំហំ ៧ម៉ែត្រ គុណនឹង១០០ម៉ែត្រអស់ម្ដងរួចមកហើយ។ ពលរដ្ឋសង្កាត់ចោមចៅ២ បានឲ្យដឹងថា ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការរាជធានីនៅឡើយ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្មួញទិញបានព្រោះមាន ការឃុបឃិតគ្នាពីមនុស្សដែលមានសិទ្ធិអំណាច សម្រេចកិច្ចការនៅក្នុងវត្តនេះ។
តាមអ្នករកស៊ីទិញ លក់ដីធ្លី បានបង្ហើបអោយដឹងថា ទីតាំងដីស្រះទន្លេរបស់វត្តគោកបញ្ជាន់នេះ បើលក់បាន១ម៉ែត្រការ៉េខ្ទង់៥០០ដុល្លារ ឯណោះ។ ដូចនេះ បើគេយក៣៦.៦៥៦ម៉ែត្រការ៉េគុណ៥០០ដុល្លារទៅ គឺស្មើរ១៨.៣២៨.០០០ដុល្លារឯណោះ ! អញ្ចឹងតើបានឈ្មួញស្រក់ទឹកមាត់មិនខ្លាចបុណ្យបាន៕