(ត្បូងឃ្មុំ)៖ ទឹកក្រូច ទឹកផ្លែឈើ និងស្រាបៀរមួយចំនួន ហួសកាលបរិច្ឆេទ និងខូចគុណភាព ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យរកឃើញ ធ្វើការដកហូតភ្លាមៗយកទុកកម្ទេចចោល នៅក្នុងផ្សារពាមជីលាំង ស្ថិតក្នុងភូមិពាមជីលាំង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
ប្រតិបត្តិការរកឃើញភេសជ្ជៈខូចគុណភាពនៅផ្សារខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព ស្លាកសញ្ញាលើសំបកវេចខ្ចប់ កាលបរិច្ឆេទផុតកំណត់ ប្រើប្រាស់ ក្នុងផ្សារខាងលើ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មខេត្តបានអប់រំ និងពន្យល់ណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឱ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕