(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកការដ្ឋានសង់ស្ពានបេតុង និងទ្វារទឹកមួយកន្លែងស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ក្រោមការរំពឹងទុកថានឹងជួយសម្រួលដល់ការរស់នៅ និងបង្កបង្កើនផលដំណាំដល់អ្នកភូមិនគរក្រៅប្រមាណជាង ៣០០គ្រួសារ។
ពិធីបើការដ្ឋានសង់ស្ពាន និងទ្វារទឹកថ្មីនៅភូមិនគរក្រៅ ត្រូវបានរៀបចំឡើងនៅជិតការដ្ឋានដែលត្រូវសង់ស្ពាននិងទ្វារទឹក ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក។
ស្ពានបេតុងដែលជាចំណងដៃថ្មីរបស់អាជ្ញាធរជាតិអប្សរា ផ្តល់ឱ្យអ្នកភូមិអង្គរនៅពេលនេះមានប្រវែង ៣១ម៉ែត្រ ទទឹង ៣.៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ ដែលសង់លើអូរខ្លូត។ ចំណែកទ្វារទឹកវិញមានប្រវែង ១០ម៉ែត្រ ទទឹង ៣.៥ម៉ែត្រ ស្ថិតនៅច្រកបញ្ចេញទឹកទន្លេស្ងួត។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីឆ្នាំ២០១៣ អ្នកភូមិនគរក្រៅធ្លាប់ជន់លិចដោយសារជំនន់ទឹកភ្លៀង ព្រោះពុំទាន់មានសំណង់ទ្វារទឹកត្រឹមត្រូវនៅពេលនោះ។ ដោយសារមើលឃើញពីទុក្ខលំបាកបែបនេះ នៅឆ្នាំ២០១៤ អាជ្ញាធរជាតិអប្សរាបានស្ដារ និងសាងសង់ប្រព័ន្ធធារាសាស្រ្ដមួយចំនួនក្នុងភូមិសាស្រ្ដនេះ ហើយចាប់ពីពេលនោះមកពុំមានទឹកជំនន់ជន់លិចទៀតឡើយ។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានរម្លឹកពីការងារមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការងារស្នូលសំខាន់ៗ ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់អ្នកស្រុកអង្គរ ដូចជាការងារសង់ទ្វារទឹក ស្ពាន ផ្លូវ និងស្ដារប្រព័ន្ធធារាសាស្រ្ដផ្សេងៗ។ល។
ជាមួយនឹងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាកំពុងសាងសង់ដល់អ្នកភូមិនគរក្រៅនៅពេលនេះ លោកអគ្គនាយករងបានបង្ហាញការរំពឹងថា វានឹងចូលរួមបម្រើផលប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបញ្ជៀសពីហានិភ័យផ្សេងៗដែលកើតឡើងពីការជន់លិចនារដូវវស្សា ក៏ដូចជាជួយស្ទាក់ទឹកសម្រាប់បង្កបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋនៅទីនេះផងដែរ៕