(បាត់ដំបង)៖ អ្នកស្រី ជឹម ចាន់ថេន អាយុ៤១ឆ្នាំ ជាសមាជិកក្រុមកសិករសិក្សាខ្នាតតូច និងជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
អ្នកស្រីរស់នៅជាមួយសមាជិកគ្រួសារ៤នាក់ ហើយមុខរបរ និងប្រាក់ចំណូលរបស់គាត់ គឺបានពីការធ្វើស្រែ និងដាំបន្លែ។ មុនពេលចូលរួមជាសមាជិកក្រុមកសិករសិក្សាខ្នាតតូច របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE នៅឆ្នាំ២០១៦។
អ្នកស្រីបានរៀបពីជីវិត ដែលជួបការលំបាករបស់គាត់ យ៉ាងដូច្នេះថា «គ្រួសារខ្ញុំមានការលំបាកណាស់ ដោយប្តីគាត់ធ្វើជាកម្មករសំណង់ ហើយខ្ញុំជាអ្នកលក់ចេកចៀន។ ហើយពួកយើងរកចំណូល បានតិចតូចប្រហែលតែពី២០,០០០ ទៅ៣០,០០០រៀលប៉ុណ្ណឹងទេ ក្នុងមួយថ្ងៃ »។
ក្រៅពីមុខរបរលក់ចេកចៀន និងធ្វើជាកម្មករសំណង់ គ្រួសាររបស់អ្នកស្រី ក៏បានធ្វើស្រែជាប្រចាំផងដែរ ប៉ុន្តែផលពីការធ្វើស្រែនេះ គឺមិនគ្រប់គ្រាន់បើប្រៀបធៀប ទៅនឹងការចំណាយលើជីកសិកម្ម និងកម្លាំងពលកម្ម។
នៅក្នុងកំឡុងឆ្នាំ២០១៥ លើផ្ទៃដី១រ៉ៃកន្លះ ឬប្រមាណជា២,៤០០ម៉ែត្រការ៉េ អ្នកស្រី ចាន់ ថេន បានប្រាប់ឲ្យដឹងថា ផលដែលទទួលបានពីការធ្វើស្រែ លើផ្ទៃដីទំហំប៉ុណ្ណេះ គឺគ្រួសារគាត់បានត្រឹមតែប្រមាណជា៥ការ៉ុងតែប៉ុណ្ណោះ។
អ្នកស្រីបានបញ្ជាក់ថា «ការធ្វើស្រែគឺ១ឆ្នាំ គ្រួសារខ្ញុំធ្វើបានតែម្តងនោះទេ ហើយផលវិញគឺមិនទៀងទាត់ ហើយបានចំនួនពេលខ្លះ៥ការ៉ុង ពេលខ្លះទៀតក៏តិចឬច្រើនជាងហ្នឹងតិចតួច »។
ដោយសារស្ថានភាពចំណូល មិនគ្រប់ល្មមនឹងការចំណាយជាប្រចាំក្នុងគ្រួសារ របស់អ្នកស្រីទាំងមូល អ្នកស្រីក៏បានជជែកពិភាក្សាជាមួយប្តី ដើម្បីធ្វើចំណាកស្រុកស្វែងរកការងារ នៅឯប្រទេសថៃ។
អ្នកស្រីបានបញ្ជាក់យ៉ាងដូចនេះទៀតថា «ចំណូលហ្នឹង គឺបានតិចតួចណាស់ ហើយមិនអាចផ្គត់ផ្គង់គ្រួសារបានទេ ហើយយើងគ្មានចំណេះជំនាញអីផង ក៏មិនដឹងថាត្រូវធ្វើយ៉ាងណា ក៏នាំគ្នាសំរេចចិត្តថា នឹងធ្វើចំណាកស្រុកតែម្តង»។
ជាភព្វសំណាង ក្នុងឆ្នាំ២០១៦ កម្មវិធី ASPIRE បានចុះមកជ្រើសរើសកសិករ និងបង្កើតក្រុមកសិករសិក្សាខ្នាតតូច មកដល់ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយអ្នកស្រីក៏បានចូលរួម និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ និងស្រូវ តាមរយៈសាលារៀនស្រែកសិករ ហើយអ្នកស្រីក៏ត្រូវបានជ្រើសរើស ជាអ្នកធ្វើបង្ហាញសម្រាប់ផលិតកម្មដំណាំស្រូវផងដែរ។
អ្នកស្រីបានឲ្យដឹងថា «ខាងកសិកម្មបានចុះមកនៅឆ្នាំ២០១៦ហើយខ្ញុំ ក៏ចូលរួមជាមួយគេដើម្បីរៀនសូត្រ ព្រោះអីខ្ញុំក៏ស្រលាញ់ និងចូលចិត្តការដាំដុះផ្អែកខាងកសិកម្មហ្នឹងដែរ»។
ក្នុងកំឡុងពេលបណ្តុះបណ្តាល អ្នកស្រី ចាន់ ថេន ហាក់មានការចាប់អារម្មណ៍ខ្លាំង ទៅលើការដាំបន្លែ ហើយគាត់ក៏ជួបជជែកពិភាក្សា ជាមួយមន្ត្រីបច្ចេកទេស ដើម្បីទទួលការណែនាំបន្ថែម នឹងអាចឲ្យច្បាស់ក្នុងចិត្តថា ការងាកពីរបរកសិកម្មធ្វើស្រូវជាធំ មកផ្តោតលើការដាំបន្លែជាធំវិញនោះ គឺនឹងមិនឲ្យទទួលរងភាពបរាជ័យនោះទេ។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានថ្លែងថា ជាទូទៅការជំរុញឲ្យកសិករ ចាប់យករបរណាមួយ គឺខាងមន្ទីរមើល ទៅលើទីតាំងភូមិសាស្ត្ររបស់ពួកគាត់ ប្រសិនបើតំបន់នោះ គឺកបនឹងការចិញ្ចឹមសត្វនោះ នឹងធ្វើការជំរុញឲ្យកសិករធ្វើការចិញ្ចឹមសត្វជាចម្បង តែបើខាងស្រូវ គឺក៏នឹងជួយជំរុញបន្ថែម ឲ្យងាកមកធ្វើខាងស្រូវវិញផងដែរ។
លោក សុវណ្ណមុន្នី បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «តំបន់ណាដែលយើងធ្វើរឿងស្រូវ យើងផ្តល់ស្រូវ តំបន់ណាដែលមានសក្តានុពលដំណាំបន្លែ គឺយើងរុញសក្តានុពលដំណាំបន្លែ ជូនដល់ពួកគាត់ហើយធ្វើម៉េច គឺយើងភ្ជាប់នូវបច្ចេកទេស និងទីផ្សារមកដល់ស្រុករបស់គាត់ហ្នឹង »។
ក្រោយពីបានទទួលការណែនាំហើយ អ្នកស្រី និងគ្រួសារសម្រេចចិត្ត កែប្រែពីដីស្រែមកដីចម្ការវិញ ដោយចំណាយថវិកាអស់១,៥០០ដុល្លា សម្រាប់ថ្លៃចាក់ដី។ នៅឆ្នាំ២០១៧ ខាងកសិកម្មស្រុកថ្មគោល នៃកម្មវិធី ASPIRE បានសម្រេចជ្រើសរើស គ្រួសារគាត់ឲ្យធ្វើបង្ហាញសម្រាប់ផលិតកម្មបន្លែត្រសក់ផ្អរ ដោយដាំលើផ្ទៃដី២,៤០០ម៉ែត្រការ៉េ។
អ្វីដែលជាការភ្ញាក់ផ្អើល និងធ្វើឲ្យគ្រួសាររបស់អ្នកស្រី ចាន់ ថេន មានភាពសប្បាយរីករាយបំផុតនាពេលនោះ គឺជាការទទួលបានផលខ្ពស់ កើតចេញពីការដាំដំណាំត្រសក់នេះឯង។ លើផ្ទៃដីជាង២,០០០ម៉ែត្រការ៉េ ការដាំដំណាំត្រសក់របស់អ្នកស្រី គឺទទួលបានផលរហូតដល់ទៅ១២តោន ក្នុងរយៈពេលត្រឹមតែប្រមាណជាបីខែ ហើយគាត់អាចលក់បានប្រាក់រហូតដល់ទៅ៣,៥០០ដុល្លារ។
នៅឆ្នាំ២០១៨ កម្មវិធី ASPIRE បានប្រែក្លាយក្រុមកសិករសិក្សាខ្នាតតូច ទៅជាក្រុមបណ្តុំអាជីវកម្មបន្លែ និងបានធ្វើផ្ទះសំណាញ់ទំហំ៣៥០ម៉ែត្រការ៉េ ដែលមានទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ជូនទៅដល់គ្រួសារអ្នកស្រី ជឹម ចាន់ថេន។
ហើយតាមរយៈផ្ទះសំណាញ់នេះ គ្រួសាររបស់អ្នកស្រី ក៏បានពង្រីកការដាំដុះ ដោយមានដាំជាបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់មានដូចខាត់ណា ដើមសណ្តែកកួរ ត្រសក់ ស្ពៃសក្រញាញ់ ស្ពៃថៃស៊ីម និងស្ពៃហាងថែមទៀតផង។
ជីវិតជាអ្នកលក់ចេកចៀន កម្មករសំណង់ និងជីវិតបំរុងនឹងចំណាកស្រុក ត្រូវបានបញ្ចប់ហើយជំនួសមកវិញ គឺការប្រកបរបរដាំបន្លែ ដែលអាចផ្តល់ចំណូលច្រើន និងបានជួយសម្រួលជីវភាពទាំងស្រុង ដល់ក្រុមគ្រួសាររបស់អ្នកស្រី ចាន់ ថេន។
ក្នុងនោះ គ្រួសាររបស់អ្នកស្រី អាចមានលទ្ធភាពសងបំណុលដែលជំពាក់គេពីមុន និងបានបញ្ជូនកូនៗ ឲ្យចូលសាលារៀន ហើយពិសេសបំផុតការព្យួររាស់ ដោយកម្លាំងសត្វពាហនៈ បានប្រែមកការប្រើប្រាស់ កម្លាំងម៉ាស៊ីនការរែកទឹកស្រោចដំណាំ ក៏បានប្រែមកប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធស្រោចស្រពទឹកសាចវិញ៕