(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមន្ត្រីនគបាល៣នាក់ ដែលពាក់ព័ន្ធនឹង ករណីរត់ការអន្ដរាគមន៍ដោះលែងឧក្រិដ្ឋជនចិនចំនួន១៨នាក់ ទៅកាន់តុលាការជាថ្មីម្តងទៀតហើយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធី។
មន្ដ្រីនគរបាលទាំង៣រូបនោះ ធ្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការម្តងរួចទៅហើយ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ច និងតុលាការ នៅមិនទាន់ហ៊ានបង្ហើបអំពីឈ្មោះអ្នកទាំងនេះនៅឡើយទេ។
បើតាមនគរបាលជាន់ខ្ពស់ បានអះអាងទៀតថា ជនជាតិចិនចំនួន១៨នាក់ ដែលនគរបាលទាំង៣រូប រត់ការឱ្យដោះលែងនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត។
បន្ទាប់ពីឃាត់ខ្លួនឧក្រិដ្ឋជនចិនហើយនោះ មន្ដ្រីនគរបាលទាំង៣នាក់នោះ បានចេញមុខរត់ការដោះលែង រហូតដឹងដល់ថ្នាក់ដឹកនាំ ទើបឈានទៅការចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕