(ភ្នំពេញ)៖ ក្រុមហ៊ុន Mekong Strategic Partners និង Seedstars World កំពុងពង្រឹងប្រព័ន្ធ Ecosystem ផ្នែកបច្ចេកវិទ្យានៅកម្ពុជា ដោយពន្លឿនការវិវឌ្ឍន៍របស់អាជីវកម្មបង្កើតថ្មី តាមរយៈកម្មវិធីសហគ្រិនភាពដំណាក់កាលដំបូង ដែលគាំទ្រដោយគម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata ។
ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការវិនិយោគ និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៅតំបន់ទន្លេមេគង្គ និង Seedstars World ដែលជាសហគមន៍អន្តរជាតិសម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារដែលមានការរីកលូតលាស់លឿន បានដាក់ដំណើរការកម្មវិធី SmartScale powered by Seedstars ដែលជាកម្មវិធីជួយពន្លឿន និងជំរុញអាជីវកម្មដែលទើបបង្កើតថ្មីនៅកម្ពុជា ។
កម្មវិធី SmartScale បានជ្រើសរើសអាជីវកម្មបង្កើតថ្មីដំណាក់កាលដំបូងចំនួន ១១ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល ៣ខែ ដើម្បីពន្លឿនការវិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។ កម្មវិធីនេះ បានទទួលបានការចូលរួមគាំទ្រពីសំណាក់គ្រូណែនាំជាតិ និងអន្តរជាតិចំនួនជាង ២០រូប ។
គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីជួយអាជីវកម្មបង្កើតថ្មីត្រៀមខ្លួនសម្រាប់ទទួលការវិនិយោគ ដោយពង្រឹងភាពសក្តិសមនៃផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។
កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានឱ្យដឹងថា៖ 《យើងខ្ញុំមានសេចក្តីរំភើបរីករាយដែលមានឱកាសត្រលប់មកកម្ពុជាវិញ បន្ទាប់ពីបានធ្វើការជាមួយអាជីវកម្មបង្កើតថ្មីជាច្រើន កាលពីឆ្នាំមុន តាមរយៈការហឹ្វកហាត់ Bootcamp រយៈពេល ៣ថ្ងៃ និងការប្រកួតប្រជែងការធ្វើបទបង្ហាញផែនការអាជីវកម្ម ដែលនាំឱ្យ Seedstars ធ្វើការវិនិយោគលើអាជីវកម្មបង្កើតថ្មីផ្នែកដឹកជញ្ជូនក្នុងស្រុកដែលមានឈ្មោះថា ជូនអ្នក ។ ទោះបីជាប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាទើបតែមានការចាប់ផ្តើមនៅឡើយ ប៉ុន្តែស្ថាបនិកអាជីវកម្មក្នុងស្រុកមានការតាំងចិត្ត និងឆន្ទៈខ្ពស់នៅក្នុងការរៀនសូត្រ 》។
លោក កឹម បូរ៉ា នាយកក្រុមហ៊ុន Mekong Strategic Partners បានថ្លែងផងដែរថា ៖ “ការផ្តល់ការណែនាំ និងជំនួយផ្នែកបច្ចេកទេស មានសារៈសំខាន់ខ្លាំងសម្រាប់ភាពជោគជ័យក្នុងរយៈពេលវែងរបស់អាជីវកម្មបង្កើតថ្មីមួយ ។ តាមរយៈ កម្មវិធី SmartScale យើងខ្ញុំបានផ្តល់ជូនអាជីវកម្មបង្កើតថ្មីនូវការណែនាំពីសំណាក់គ្រូដែលបទពិសោធន៍ខ្ពស់ និងកម្មវិធីអន្តរជាតិដ៏ល្អសម្រាប់អាជីវកម្មបង្កើតថ្មី” ។
កម្មវិធីនេះ នឹងត្រូវបានបញ្ចប់ដោយមានការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា ។ ពិធីនៅថ្ងៃបិទបញ្ចប់នេះ នឹងមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនជាតិនិងអន្តរជាតិ បានស្គាល់អាជីវកម្មបង្កើតថ្មីរបស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតជាវេទិកាដ៏ល្អមួយសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាធ្វើការទំនាក់ទំនងគ្នា ដែលរួមមានអាជីវកម្មបង្កើតថ្មី វិនិយោគិន កម្មវិធីពន្លឿនអាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។
លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ 《ក្រុមហ៊ុន Smart រំពឹងថាខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍ និងការវិនិយោគលើប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា ។ ខ្ញុំសង្ឃឹមថា ការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នឹងបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ អំពីវិស័យអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដែលកំពុងមានការរីកលូតសាស់យ៉ាងឆាប់រហ័សនៅក្នុងកម្ពុជា》។
ដើម្បីចូលរួមការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា សូមមេត្តាចុះឈ្មោះតាមរយៈ គេហទំព័រ https://smartscalekh.eventbrite.com/៕