(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៉ី Dr. Tun Mahathir Mohamad បានបើកសម្ពោធជាផ្លូវការនូវស្លាកសញ្ញា ដែលជាយុទ្ធសាស្រ្តសម្រាប់ ឆ្នាំទស្សនាម៉ាឡេស៉ី២០២០ (VM20202) ដោយលោកបានអំពាវនាវដល់ ប្រជាជនម៉ាឡេស៉ីទាំងអស់ ឱ្យចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីធានាបាននូវភាពជោគជ័យរបស់ខ្លួន។
ពិធីសម្ពោធជាផ្លូវការនូវស្លាកសញ្ញាសម្រាប់ឆ្នាំទស្សនាម៉ាឡេស៉ី២០២០ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៉ី នៃស្ថានទូតម៉ាឡេស៉ីប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ស្លាកសញ្ញាដែលបង្កើតឡើងនេះ គឺត្រូវបានច្របាច់បញ្ចូលគ្នា នូវអត្តសញ្ញាណ តំណាងឱ្យម៉ាឡេស៉ី មានដូចជារូបសត្វរូបផ្ការំយោល និងពណ៌រូបទង់ជាតិ ដែលទាំងនោះ គឺតំណាងឱ្យភាពសម្បូរបែប នៃវប្បធម៌ប្រពៃណីចម្រុះជាតិសាសន៍ និងជីវះចម្រុះនៃរុក្ខជាតិ។
លោក Mahathir ក៏បានធ្វើជាសាក្សី នៃការផ្លាស់ប្តូរអនុស្សារណៈ ក្នុងការផ្សព្វផ្សាយរួមគ្នារវាងក្រុម ប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ី ជាមួយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, ក្រុមហ៊ុនអាកាសចរណ៍ AirAsia, Firefly, ក្រុមហ៊ុនអាកាសចរណ៍ Malindo Air, ក្រុមហ៊ុន Malaysia Airport Holding Berhad and Sharp (M) Electronics Sdn Bhd. ក្រុមហ៊ុនអាកាសចរណ៍ទាំង៤ និងធ្វើកិច្ចសហប្រត្តិការផ្សព្វផ្សាយ នូវស្លាកសញ្ញាឆ្នាំទស្សនាម៉ាឡេស៉ី២០២០ នៅលើយន្តហោះ និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ទៀតរបស់ខ្លួន។
នៅឆ្នាំ២០២០ ក្រសួងបានដាក់ចេញ នូវយុទ្ធនាការទាក់ទាញទេសចរណ៍អន្តរជាតិ ឱ្យមកទស្សនាប្រទេសម៉ាឡេស៉ី ចំនួន៣០លាននាក់ និងទទួលបាននូវប្រាក់ចំណូលចំនួន ១០០ពាន់លានរីងហ្គីត ឬស្មើនឹង២៥ពាន់លានដុល្លារ ដោយយុទ្ធនាការនេះ ផ្តោតទៅលើផ្នែកអេកូទេសចរណ៍ និងវប្បធម៌។
លើសពីនេះទៅទៀត មូលនិធិចំនួន៥លានរីងហ្គីត ដែលមានឈ្មោះថា GAMELAN Malaysia ត្រូវបានបង្កើតឡើងគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់វិស័យ ឧស្សាហកម្មទេសចរណ៍ឯកជន ដែលបានរៀបចំសកម្មភាពទីផ្សារ ផ្សព្វផ្សាយប្រទេសម៉ាឡេស៉ី ជាគោលដៅអាជីវកម្ម និងការកំសាន្តផងដែរ។ ជាងនេះទៅទៀតរដ្ឋាភិបាលបានបើក ១៣ច្រកថែមទៀត សម្រាប់ការធ្វើទិដ្ឋការ ពេលមកដល់ក្នុងកិច្ចប្រឹងប្រែង ដើម្បីសំរួលដល់ការចូលមកដល់ របស់ភ្ញៀវទេសចរណ៍ ចិន ឥណ្ឌា និងភ្ញៀវទេសចរណ៍អន្តរជាតិផ្សេងៗ ទៀតផងដែរ។
នៅឆ្នាំ២០១៨ ប្រទេសម៉ាឡេស៉ីទទួលបានភ្ញៀវទេសរអន្តរជាតិសរុបចំនួន ២៥.៨លាននាក់ និងទទួលបានចំណូលចំនួន ៨៤.១ពាន់លានរីងហ្គីត ឬប្រហែលនឹង ២០.៣៥ពាន់លាន ក្នុងនោះភ្ញៀវទេសចរណ៍កម្ពុជា មានចំនួន ៩០,០៤២នាក់ មានការកើនឡើងចំនួន ១១៤.៤%បើធៀបទៅនឹងឆ្នាំ២០១៧។
ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកទស្សនាម៉ាឡេស៉ីនៅ ៥ខែដើមឆ្នាំ២០១៩នេះ មានចំនួន ១០,៩៥៤,០១៤នាក់ មានការកើនឡើង ៤,៨%បើធៀបនឹងឆ្នាំ២០១៨។ នៅខែមករា រហូត ខែឧសភា ឆ្នាំ២០១៩ នេះផងដែរ ភ្ញៀវទេសចរខ្មែរ បានទៅលេងប្រទេសម៉ាឡេស៉ី មានចំនួន ៤៣,២២១នាក់ កើនឡើង ១៩,៤%បើធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៉ី រំពឹងថា និងមានភ្ញៀវទេសចរណ៍ខ្មែរចំនួន ១០០,៩០០ពីប្រទេសកម្ពុជា និង ១១០,០០០ នៅក្នុងឆ្នាំ២០២០ នឹងទៅទស្សនាប្រទេសម៉ាឡេស៉ី៕