(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងជំរុញដល់មន្ទីរកសិកម្មខេត្តស្វាយរៀង ត្រូវពិនិត្យមើលវឌ្ឍនៈភាពនៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សាឆ្នាំនេះ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងទប់ស្កាត់សត្វល្អិតបំផ្លាញ ដំណាំស្រូវឱ្យបានទាន់ពេលវេលា។
លោក ម៉ែន វិបុល បានថ្លែងជំរុញបែបនេះនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះគ្រប់មន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានអនុវត្តតួនាទីភារកិច្ច ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកក៏បានផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
* ទី១៖ ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព នៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
* ទី២៖ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់សង្គមផ្សេងៗ និងគ្រោះមហន្តរាយធម្មជាតិ ដូចជាអគ្គីភ័យ ខ្យល់កន្ត្រាក់ បាតុភូតផ្គររន្ទះជាដើម និងត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។
* ទី៣៖ មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹង និងជំរុញការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង និងបន្តការទប់ស្កាត់ការធ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
* ទី៤៖ មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាប្រឆាំង នឹងពត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមហ្វេសបុក ដែលតែងតែផ្សព្វផ្សាយបំភ្លើសបង្ករអន្តិសុខ ជាពិសេសការវាយប្រហារមកលើរាជរដ្ឋាភិបាល។
* ទី៥៖ រដ្ឋបាល ក្រុង-ស្រុក ត្រូវពិនិត្យមើលដេប៉ូឈើទាំងអស់នៅតាមព្រំដែន ចំពោះដេប៉ូណាដែលមិនទាន់មានច្បាប់អនុញ្ញាតិ។
* ទី៦៖ អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការចរាចរណ៍គ្រឿងញៀនឆ្លងដែន និងការរៀបចំធ្វើវេទិការសាធារណៈនៅតាមមូលដ្ឋាន។
* ទី៧៖ អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រងដីចំណីផ្លូវសាធារណៈ។
* ទី៨៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងរៀបចំការត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ នៅខេត្តស្វាយរៀង ដែលនឹងចូលមកដល់នាពេលខាងមុខ។
* ទី៩៖ ត្រៀមរៀបចំពិធីប្រគល់ផ្ទះ២០០ខ្នង ជូនប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង។
* ទី១០៖ មន្ទីរសុខាភិបាលត្រូវពិនិត្យ និងទប់ស្កាត់លើបញ្ហាឱសថក្លែងក្លាយ នៅតាមឱសថស្ថាននានា នៅក្នុងខេត្តស្វាយរៀង។
* ទី១១៖ អាជ្ញាធរពាក់ព័ន្ធនៅតាមព្រំដែនត្រូវទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះការជួលដីទៅឱ្យប្រជាជននៅប្រទេសជិតខាង។
* ទី១២៖ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការរៀបចំពិធីប្រណាំងទូកនាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅមាត់ទន្លេវ៉ៃគោ ដែលនឹងចូលមកដល់នាថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕