(ស្វាយរៀង)៖ អាជីវករលក់សាច់ជ្រូកផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង លើកឡើងថា ប្រជាពលរដ្ឋមានការខ្លាច មិនហ៊ានបរិភោគសាច់ជ្រូកទេ កាប់ជ្រូកតែពីរក្បាលសោះ លក់មិនដាច់រយៈពេលពីរថ្ងៃ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ពួកគេលើកឡើងថា សូម្បីខ្លួនពួកគេផ្ទាល់ ក៏មិនហ៊ានហូបសាច់ជ្រូកដែរ គឺសុខចិត្តយកសាច់ជ្រូកបោះចោលទឹកទន្លេ។
អាជីវករបន្តថា មូលហេតុមិនហ៊ានហូបសាច់ជ្រូក ដោយខ្លាចឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ះពាល់ដល់សុខភាពគ្រួសារ និងខ្លាចចម្លងមេរោគ ដល់ជ្រូករបស់ ពួកគាត់កំពុងចិញ្ចឹម ជាលក្ខណៈគ្រួសារ ដែលនាំឲ្យត្រូវខាតបង់លុយកាក់ ប៉ះពាល់ដល់ជីវភាពគ្រួសារ បើទោះបីជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងតែទៅលើសត្វជ្រូកគ្នាវា មិនឆ្លងដល់មនុស្សក៏ដោយ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើនឈប់បរិភោគសាច់ជ្រូក ដោយនាំគ្នាបរិភោគសាច់មាន់សាច់គោ និងត្រីវិញ ធ្វើឲ្យអ្នកប្រកបមុខរបរលក់សាច់ជ្រូក ខាតបង់ដើមទុនលក់សាច់ជ្រូកមិនដាច់។ ជាពិសេសនៅផ្សារកំពង់ត្រាច ភូមិកំពង់ត្រាចឃុំកំពង់ត្រាច ស្រុករមាសហែក មានប្រជាពលរដ្ឋ មន្ត្រីរាជការរាប់រយគ្រួសារ ឈប់ទិញសាច់ជ្រូកទៅបរិភោគទៀតហើយ។
សូមបញ្ជាក់ថា តូបលក់សាច់ជ្រូកជាង១០កន្លែង ត្រូវបានបិទទ្វារ ហើយតូបមួយលក់តែជ្រូកពីរក្បាល លក់ពីរថ្ងៃមិនដាច់ទៀត ក៏យកទៅបោះចោលទឹកទន្លេកំពង់ត្រាច។ មូលហេតុមកពីឈ្មួញ នៅតែបន្តនាំជ្រូកវៀតណាម តាមច្រករបៀង មួយចំនួនក្នុងស្រុករមាសហែក ខេត្តស្វាយរៀង៕