(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ៧មករា បានអះអាងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរលែងឈរបក់ផ្សែងទៀតហើយ ហើយការអនុគ្រោះដោយឲ្យបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋធ្វើអាជីវកម្ម ទៅលើចិញ្ចើមផ្លូវ១ភាគបី នៃចិញ្ចើមផ្លូវនោះ ក៏លែងឲ្យមានទៀតដែរ។
នេះបើតាមការបញ្ជាក់ពីលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ក្នុងខណៈដែលលោក និងលោក លឹម សុភា អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវនេរុហ៍ សង្កាត់វាលវង់ ខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ហៀក ចាន់លាង បានលើកឡើងថា «ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ខណៈដែលការកកស្ទះចរាចរណ៍នៅតែកើតមាន រាល់ថ្ងៃនោះ»។
លោកបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលខណ្ឌ៧មករា គឺបានរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នេះជាប្រចាំ។ ជាក់ស្ដែងសម្រាប់ពេលនេះ យើងបានរៀបចំសណ្ដាប់ធ្នាប់ ដោយប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ ដោយសារតែយើង បានជូនដំណឹងឲ្យពួកគាត់រកទីតាំងថ្មី រយៈពេល២សប្តាហ៍មកហើយ តែពួកគាត់នៅតែមិនអនុវត្តតាម ទើបអាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តដោយធ្វើការស្ទួចរថយន្តទៅរក្សាទុកនៅសាលាខណ្ឌតែម្ដង។
លោក ហៀក ចាន់លាង បានបញ្ជាក់ទៀតថា ដោយសារតែមានការយោគយល់ច្រើន ចំពោះបងប្អូនប្រជាពលរដ្ឋ កាលពីមុនការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ បានអនុញ្ញាតឲ្យពួកគាត់ប្រើប្រាស់ចិញ្ចើមផ្លូវ ១ភាគ៣ តែការយោគយល់បែបនេះ គឺប្រជាពលរដ្ឋមិនបានអនុវត្តតាមទេ ដោយពួកគាត់ប្រើប្រាស់ចិញ្ចើមផ្លូវទាំងមូល ហើយបានប្រើប្រាស់រហូតដល់ទ្រូងផ្លូវថែមទៀត។
លោកថា ដោយមើលឃើញពីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ បានសម្រេចដោយមិនឲ្យប្រើប្រាស់ចិញ្ចើមផ្លូវ ១ភាគ៣ ទៀតទេ ពោល គឺអាចធ្វើការលក់ដូរទំនិញផ្សេងៗ បានត្រឹមតែទ្វាផ្ទះ ទៅខាងក្នុងប៉ុណ្ណោះ។ លោកបន្តថា «លក់ដូររថយន្តនៅតាមផ្ទះល្វែង គឺមិនអនុញ្ញាតឲ្យមានការលក់តទៅទៀតទេ ដោយតម្រូវឲ្យពួកគាត់ទៅរកទីតាំងថ្មី ។ យើងមិនអាចបន្តការបក់ផ្សែងតទៅទៀតទេ»។
ជាមួយគ្នានោះ លោក ហៀក ចាន់លាង ក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករអស់ មេត្តាសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញ ឲ្យបានសណ្ដាប់ធ្នាប់ល្អជៀសវាង ការប្រឈមមុខ ដាក់គ្នា រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការ នៃការចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្តោយផ្លូវនេះ គឺអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការដកហូត និង ស្ទូចរថយន្ត ដែលចតរំលោភលើចិញ្ចើមផ្លូវ ចំនួន០៩គ្រឿង បញ្ជូនទៅរក្សាទុក នៅសាលាខណ្ឌ ៧មករា ដើម្បីធ្វើកិច្ចសន្យាតាមនីតិវិធីបន្តទៀត៕