(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលទឹកដោះគោស្រស់ យ៉ាអ៊ូ និងទឹកដោះគោជូរ ម៉ាក meiji ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន សូណាវិទ្យា ដែលទទួលបានពីក្រុមហ៊ុន Meiji Holdings Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ។

បើយោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រសួងបានការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលទឹកដោះគោស្រស់ យ៉ាអ៊ូ និងទឹកដោះគោជូរម៉ាក meiji ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន សូណាវិទ្យ ដោយយោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។

ក្រសួងពាណិជ្ជកម្មបានបន្ថែមទៀតថា លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាព ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Meiji Holdings Co., Ltd. ដែលជាម្ចាស់ម៉ាក។

ចាប់ពីក្រោយរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខា លើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ អ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។ នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវបោះពុម្ពផ្សាយលិខិតកត់ត្រានេះ ក្នុងទំព័រខាងមុខសារព័ត៌មានល្បីៗ ភ្លាមយ៉ាងតិចចំនួន៣លេខជាប់ៗគ្នា និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវលិខិតបទដ្ឋានគតិយុត្តជាធរមាន៕