(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា នឹងធ្វើការជ្រើសតាំងឥស្សរជន០១រូប ក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី២ ជំនួសលោក ប្លង់ ឆ្លាម ដែលត្រូវចប់អាណត្តិ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ឥស្សរជន ដែលមានបំណងចូលរួមជាបេក្ខភាពនៃការជ្រើសតាំងនេះ ត្រូវបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោម៖
ទី១៖ ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១ច្បាប់
ទី២៖ មានជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ច្បាប់
ទី៣៖ មានលិខិតបញ្ជាក់ថា មានបទពិសោធន៍ការងារយ៉ាងតិច១៥ ឆ្នាំ ០១ច្បាប់
ទី៤៖ មានលិខិតបញ្ជាក់ថា ជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធន៍ការងារយ៉ាងតិច ១៥ឆ្នាំឡើងទៅក្នុងវិស័យច្បាប់ ឬតុលាការ ០១ច្បាប់
ទី៥៖ មានលិខិតថ្កោលទោស ០១ច្បាប់
ទី៦៖ មានរូបថតទំហំ ៤ x ៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតាចំនួន ០៣សន្លឹក
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នឹងចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន នៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧៖០០ ដល់ម៉ោង ១១៖៣០នាទី ពេលល្ងាច ចាប់ពីម៉ោង ១៤ ៖០០ ដល់ម៉ោង ១៧៖៣០នាទី នៅនាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃ ផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧:៣០នាទី៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ៖