(កំពង់ឆ្នាំង)៖ ទឹកធ្លាក់ស្រែអំពិល ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីមួយ ស្ថិតនៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីទីរួមខេត្តកំពង់ឆ្នាំងឆ្ពោះទៅតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពិលនេះ មានចម្ងាយតែជាង៥០គីឡូម៉ែត្រប៉ុណ្ណោះ។
គ្រាន់តែចូលទៅដល់ឃុំក្ដុលសែនជ័យភ្លាម ប្រជាពលរដ្ឋ និងអាជ្ញាធរមានការទទួលបដិសណ្ឋារកិច្ចយ៉ាងរីករាយ ដោយពួកគាត់ម្នាក់ៗពិតជាបានយល់ច្បាស់ពីគុណតម្លៃវិស័យទេសចរណ៍ ដែលអាចជួយជំរុញជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតទៀត។
តាមផ្លូវសម្បូរទៅដោយព្រៃខ្លុងទាបៗ គ្រាន់តែចូលទៅដល់ទីចំណតរថយន្តក្នុងរមណីយដ្ឋាននេះភ្លាម សូរសំឡេងទឹកធ្លាក់រ៉ិៗប៉ប្រះផែនសិលានៅតាមដងស្ទឹង អង្រួនអារម្មណ៍ទេសចរឱ្យស្រស់ស្រាយសប្បាយត្រេកអរមួយរំពិច ចំហាយត្រជាក់រសាត់ប៉ះកាយ ខ្យល់ដកដង្ហើមក៏បរិសុទ្ធឥតមានផ្សែងពុល តន្ត្រីបក្សាបក្សីក្រោមម្លប់ព្រឹក្សាក៏បន្លឺឡើងរងំពេញព្រឹកព្រៃ មេអំពៅចម្រុះពណ៌ហើររេរាំយ៉ាងស្រស់ប្រិមប្រិយ ប្រៀបបានទៅនឹងវិមានធម្មជាតិដ៏សុខក្សេមក្សាន្តគ្មានអ្វីប្រៀបផ្ទឹម ញ៉ាំងអ្នកទេសចរយើងឱ្យទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតយ៉ាងជក់ចិត្ត។
ធ្វើដំណើរដោយថ្មើរជើងចូលទៅមាត់ស្ទឹងបន្តិច លោកអ្នកនឹងបានឃើញទិដ្ឋភាពទឹកហូរកាត់ថ្មសណ្ដោងគ្នាឥតដាច់ ដែលភាពទាក់ទាញនេះមិនបានបណ្ដោយឱ្យភ្ញៀវទេសចរ រំលងការមុជហែលលេងកម្សាន្តឡើយ ហើយមិនត្រឹមតែមានកន្លែងមុជហែលលេងប៉ុណ្ណោះទេ បើលោកអ្នកធ្វើដំណើរសសៀតាមមាត់ស្ទឹង លោកអ្នកនឹងឃើញមានកន្លែងលោតទឹកលេងថែមទៀតផង។
សហគមន៍ទឹកធ្លាក់ស្រែអំពិលនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការគ្នាយ៉ាងសស្រាក់ស្រាំពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពោលគឺការរស់នៅ និងការចូលរួមក្នុងការសហគមន៍របស់ប្រជាពលរដ្ឋនៅទីនោះ ពិតជាគួរឱ្យស្ងើចសរសើរក្រៃលែង ពីព្រោះតាំងពីបង្កើតរដ្ឋបាលឃុំថ្មីបំបែកចេញពីឃុំក្រាំងស្គាមក ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរឃុំក្តុលសែនជ័យ បានខិតខំបំពេញការងាររួមគ្នាយ៉ាងខ្លាំង រហូតបានរៀបចំបង្កើតឱ្យមានរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះឡើង។
មេឃុំក្ដុលសែនជ័យ លោក ម៉ឹង វិសាលសុខ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ សហគមន៍បាននិងកំពុងយកចិត្តទុកដាក់រៀបចំអភិវឌ្ឍរមណីយដ្ឋានស្រែអំពិលបន្តទៅទៀត ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរនានា ដែលរំពឹងថានឹងមានការកើនឡើងនាពេលបន្តបន្ទាប់ខាងមុខ។
ការដើរទស្សនាកម្សាន្តនៅតាមដងស្ទឹង ក្រោមម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ ធានាថាភ្ញៀវទេសចរនឹងរសាត់បាត់អស់នូវភាពនឿយហត់ ហើយបានត្រលប់មកវិញនូវភាពសប្បាយរីករាយស្រស់ស្រាយ ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រម នាតំបន់ខាងកើតនៃដែនអភិរក្សធនធានធម្មជាតិភ្នំឱរ៉ាល់។
ក្រៅពីតំបន់ធម្មជាតិដែលជាកំណប់ទេសចរណ៍ដ៏វិសេវិសាលទៀតនោះ តំបន់ទឹកធ្លាក់ស្រែអំពិល ក៏បានបន្សល់នូវទីតាំងប្រវត្តិសាស្ត្រកាលពីសម័យខ្មែរក្រហម និងស្លាក់ស្នាមរឿងព្រេងដែលប្រជាពលរដ្ឋម្ចាស់ស្រុកតំណាលតៗគ្នាផងដែរ ដូចជាកោះតាព្រេង ដានព្រះបាតជាដើម។
បច្ចុប្បន្នមិនទាន់មានភ្ញៀវទេសចរពីខេត្តផ្សេងៗ មកទស្សនារមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះច្រើននៅឡើយទេ តែមិនមែនថាផ្លូវទៅកាន់ទីនោះលំបាកធ្វើដំណើរនោះឡើយ នេះក៏ដោយសាររមណីយដ្ឋាននេះទើបនឹងបង្កើតថ្មី ហើយមិនទាន់បានរៀបចំផ្នែកមួយចំនួនបានល្អនៅឡើយ ប៉ុន្តែក៏នៅតែមានភ្ញៀវទេសចរក្នុងស្រុក មកទស្សនាកម្សាន្តជាបណ្ដើរៗផងដែរ ហើយមានទាំងភ្ញៀវទេសចរមកបោះតង់សម្រាកលម្ហែនៅទីនោះទៀតផង។
គោលបំណងធំនៃការបង្កើតសហគមន៍ និងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ គឺដើម្បីបង្កើតនូវសេវាកម្មទេសចរណ៍ផ្ដល់ដោយប្រជាសហគមន៍ផ្ទាល់ ដែលអាចឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមពីវិស័យនេះ។
ពិសេសលើសពីនេះ វាក៏បានបង្វែរពីការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ និងប្រព្រឹត្តនូវបទល្មើសនានានៅក្នុងដែនអភិរក្ស ដែលនាំទៅដល់ការហិនហោចធនធានធម្មជាតិនៅក្នុងតំបន់។ ផ្ទុយមកវិញបើប្រជាសហគមន៍ខិតខំរួមគ្នាថែរក្សាការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិឱ្យបានគង់វង្សវិញនោះ តំបន់នេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងបង្កើនសកម្មភាពទស្សនាកម្សាន្តច្រើនឡើងៗ ប្រជាសហគមន៍ក៏ទទូលបាននូវចំណូលច្រើនផងដែរ៕