(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសពលោក ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា ទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៤ឆ្នាំ ។
ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោក ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឧត្តុងឧត្តមដែលតាំងពីនីតិកាលទី២ រហូតដល់នីតិកាលទី៤ លោក ឡាយ អ៊ីពិសិទ្ធ បានយកអស់កម្លាំងកាយចិត្ត និងស្មារតី បំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការបម្រើស្ថាប័នព្រឹទ្ធសភា ប្រកបដោយស្មារតីស្នេហាជាតិ រួមចំណែកក្នុងដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
សម្តេចវិបុលសេនាភក្តី ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយលោក ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឡាយ អ៊ីពិសិទ្ធ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕