(ភ្នំពេញ)៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានសម្រេចឧបត្ថម្ភនូវថវិកាចំនួន២ម៉ឺនដល្លារក្នុង១ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់នូវសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ជួយព្យាបាលកុមារកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជាប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកក្កដានេះ។
លោក នង ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលក្នុងឱកាសបុណ្យខួប១១ឆ្នាំ នៃក្រុមចលនាយុវជនកម្ពុជាក.១៥៧ បានឧបត្ថម្ភនូវថវិកាចំនួន ២ម៉ឺនដុល្លារ/ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំតទៅមុខទៀត ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ នេះគឺជាទឹកចិត្តដ៏វិសេសវិសាលបំផុត ដែលយើងខ្ញុំមិនអាចបំភ្លេចបាន»។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្ន សម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផ្ទាល់របស់មូលនិធិ។ មូលនិធិនេះ បង្កើតទ្បើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងន័យនេះ និងដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖
* ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)
* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ), 5558 (គណនីប្រាក់ដុល្លារ)
* ធនាគារអេស៊ីលីដា៖ 0001-0341273813 (គណនីប្រាក់រៀល ), 0001-0341273824 (គណនីប្រាក់ដុល្លារ)
* ធនាគារ ABA៖ 000791704 (គណនីប្រាក់រៀល ), 000791702 (គណនីប្រាក់ដុល្លារ)
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខាធិការដា្ឋនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈទូរស័ព្ទលេខ៖០៦១ ៧០ ១១១១ និង ០៩៦ ៧០១ ១១១១៕