(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលជួបគណៈប្រតិភូ អញ្ជើញមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយលោក Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះសាធារណរដ្ឋបេឡារុស ដែលបានផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម មកប្រជាកសិករកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ចំពោះស្ថានភាពក្នុងវិស័យកសិកម្មបច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងអូសទាញដោយគោក្របី មកការប្រើប្រាស់គ្រឿងយន្តបានជាង៩៧%ទៅហើយ ដែលនេះ គឺជាយន្តការអាទិភាព ក្នុងការលើកកម្ពស់ទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្មកសិកម្ម នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។
លោករដ្ឋមន្ដ្រីបន្ដថា ការវិវឌ្ឍន៍រីកចម្រើននៃការប្រើប្រាស់គ្រឿងយន្ត ក្នុងវិស័យកសិកម្មនេះ បានបង្កើនការប្រកួតប្រជែងជាខ្លាំង រវាងក្រុមហ៊ុនដែលផលិតគ្រឿងយន្ត ហើយទាមទារឲ្យមានការដាក់ចេញនូវបច្ចេកវិទ្យាថ្មី ទំនើបជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ដល់ភាគីបេឡារុសថា គួរពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រឿងយន្ត ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រមូលផល និងក្រោយប្រមូលផល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួលប្រសិទ្ធភាពខ្ពស់ និងភាពប្រកួតប្រជែងដល់ប្រជាកសិករ។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនផ្តោតទៅលើតែការផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកកម្ពុជានោះទេ ដោយស្នើឲ្យភាគីបេឡារុស ពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគលើការកែច្នៃ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅបរទេស។
ជាការឆ្លើយតប លោក Svidersky ឯកភាព និងគាំទ្រចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ដោយលោកបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ នៅខេត្តសៀមរាប នឹងផ្តល់ឱកាស និងផលប្រយោជន៍ជាច្រើន ដល់ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យតាមគោលដៅ រំពឹងទុកជាពិសេសលើវិស័យកសិកម្មនេះតែម្តង។
ពាក់ព័ន្ធនឹងការកែច្នៃ ផលិតផលកសិកម្ម លោក Svidersky ក៏បានជម្រាបជូនជ្រាបថា លោកអញ្ជើញ និងស្វាគមន៍លោករដ្ឋមន្ត្រី ដឹងនាំគណៈប្រតិភូដែលមានមន្ត្រីជំនាញ និងវិស័យឯកជនទៅទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រង អភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម នៅសាធារណរដ្ឋបេឡារុស នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា លទ្ធផលសំខាន់ៗ ដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖
ទី១៖ សហការក្នុងការសិក្សា ស្រាវជ្រាវអំពីតម្រូវការនៃគ្រឿងយន្ត និងបច្ចេកវិទ្យាថ្មី ទំនើបរវាងមន្ត្រីជំនាញក្រសួង និងក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងយន្តមកពីសាធារណរដ្ឋបេឡារុស ធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងតម្រូវការ និងទីផ្សារកម្ពុជា។
ទី២៖ ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែម លើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម រួមជាមួយការងារគ្រប់គ្រង អភិវឌ្ឍន៍ និងស្តារព្រៃឡើងវិញ។
ទី៣៖ ឯកភាពក្នុងការបង្កើតយន្តការ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកៅស៊ូកម្ពុជា ទៅសាធារណរដ្ឋបេឡារុស។
ទី៤៖ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំ និងចូលរួមការធ្វើពិព័រណ៍គ្រឿងយន្តកសិកម្មនាពេលខាងមុខ៕