(ភ្នំពេញ)៖ ថ្មីៗនេះវិនិយោគគិនចិនល្បីមួយរូប គឺលោក Charles Xue ដែលត្រូវបានគេស្គាល់ថា ជាអ្នកវិនិយោគចាស់វស្សាល្បីល្បាញខាងវិនិយោគ និងបង្កើតក្រុមហ៊ុន តម្លៃខ្ទង់ពាន់ លានដុល្លារនៅចិន កំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជាប្រមាណជា៤ខែ ដើម្បីធ្វើការសិក្សារដោយផ្ទាល់ និងស្វែងយល់ពីសក្ដានុពលនៃប្រទេសកម្ពុជាយើង។
កន្លងមកលោក Charles ធ្លាប់ល្បីល្បាញខាងវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា តែក្រោយពីស្នាក់នៅកម្ពុជាយើងមួយរយៈមក លោកបានលើកឡើងថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើវិស័យអចលនទ្រព្យនៅកម្ពុជាយើង ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដោយលោកបានលើកឡើងថា មួយរយៈក្រោយនេះលោកបានវិនិយោគ ទៅលើដីធ្លីជាច្រើនពាន់ហិកតា នៅក្រុងព្រះសីហនុ។
បើតាមការអះអាងរបស់លោក Charles Xue កន្លងមក បានវិនិយោគដីប្រមាណជា ១ពាន់ហិកតានៅឧទ្យានជាតិរាម និងដីរហូតដល់ទៅ ៤ពាន់ហិកតាទៀត នៅជិតព្រលានយន្តហោះ ក្បែរផ្លូវជាតិលេខ៤ ហើយដីដែល ដាក់ទុនវិនិយោគនោះ ជាដីមិនមានមនុស្សនៅ ល្អសម្រាប់អភិវឌ្ឍ។
ទស្សនៈវិស័យរបស់លោក Charles ក្នុងការមកវិនិយោគ ដើម្បីអភិវឌ្ឍដីនៅក្រុងព្រះសីហនុនេះ ដោយហេតុចង់ប្រែក្លាយខេត្តមួយនេះ ឲ្យដូចជាទីក្រុងធំៗនៅបណ្ដាប្រទេសអភិវឌ្ឍដទៃទៀត ជាមួយនឹងគម្រោងអភិវឌ្ឍមានច្រើនបែបដូចជា គម្រោងសង់ផ្ទះវីឡា ផ្ទះសម្រាប់សម្រាកលំហែកាយ ផ្ទះឈើបែបធម្មជាតិជាដើម។
សម្រាប់គោលដៅលក់ ទៅលើគម្រោងទាំងនោះផងដែរលោក Charles Xue ក៏បានលើកឡើងដែរថា មិនមែនអភិវឌ្ឍសម្រាប់តែជនជាតិបរទេសនោះទេ ដោយនឹងមានគម្រោង ដែលមានតម្លៃ សមរម្យសម្រាប់ប្រជាជន នៅក្នុងស្រុកទិញបាន ហើយបើតាមការបង្ហើបខ្លះៗបន្ថែម លោក Charles Xue និយាយថា អាចមានតម្លៃក្រោម ១០ម៉ឺនដុល្លារ។
ជាមួយគ្នានេះ លោក Charles Xue ក៏បានបង្ហាញពីមូលហេតុធំៗមួយចំនួន ជាហេតុធ្វើឲ្យគាត់សម្រេចចិត្តវិនិយោគវិស័យដីធ្លី ដោយដំបូងឡើយ លោកមើលឃើញពីស្ថិរភាពនៃប្រទេសកម្ពុជាយើង ទាំងនយោបាយ ទាំងសេដ្ឋកិច្ចដោយអាចរក្សារកំណើន ៧%បាន ហើយការរីកចម្រើននៃវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។
បន្ថែមទៀត លោកជឿថា នឹងមានមនុស្សជាច្រើន នឹងចូលរួមជាមួយនឹងគម្រោងនេះ ជាពិសេសជនជាតិចិនតែម្ដង ដោយហេតុតែប្រជាជនចិនចូលចិត្តមាត់សមុទ្រណាស់ ក៏ព្រោះតែប្រទេស ដ៏ធំមួយនេះ មានឆ្នេរសមុទ្រមិនសូវវែងនោះទេ ខណៈដែលប្រជាជនមានចំនួនច្រើនសន្ធឹកសន្ធាប់នោះ។
គួរបញ្ជាក់ថា លោក Charles Xue ជាវិនិយោគគិនចាស់វស្សារមួយរូប ដែលបានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ហើយលោកក៏ជាមិត្តភក្តិរបស់បិតាវិនិយោគជប៉ុន Masayoshi Son ផងដែរ។ សម្រាប់គម្រោងលើកនេះ គ្រាន់តែជាការចាប់ផ្ដើមរបស់លោកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយការវិនិយោគលើវិស័យផ្សេងនឹងបន្តកើតមានឡើង៕