(កោះកុង)៖ ជំងឺក្រពះនិងពោះវៀនកើតសឹងគ្រប់មនុស្សទូទៅ ទៅលើប្រជាពលរដ្ឋក្នុងប្រព័ន្ធរំលាយអាហារក្រពះ និងពោះវៀន។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងខេត្ត ទទួលបានការពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យថាំម៉ាសាទ មកពីទីក្រុងបាងកក ប្រទេសថៃ ដោយមិនគិតថ្លៃ ក្រោមកិច្ចសហការ រវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យស្រុកខ្លងយ៉ៃ។
នេះជាលើកដំបូង ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ទទួលសេវាពិនិត្យ និងព្យាបាល ជំងឺរលាកក្រពះ និងពោះវៀនមិនតម្រូវឲ្យបង់ថ្លៃសេវា ពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសថៃ ខណៈសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ មានបញ្ហាជំងឺរលាកប្រព័ន្ធរំលាយអាហារ និងត្រូវការថវិកាចំណាយច្រើន ដើម្បីព្យាបាល។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យមានជំនាញ អាចជួយផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺក្រពះ ពោះវៀន ជូនពលរដ្ឋបានយ៉ាងល្អប្រសើរ ក្រោមកិច្ចសហការរបស់មន្ទីរទៅភាគីថៃ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានលើកឡើងថា ករណីមេរោគដែលសង្ស័យថា ជាជំងឺមហារីកក្នុងក្រពះ ឬពោះ វៀន ក្រុមគ្រូពេទ្យនឹងយកទៅពិសោធន៍បន្ត នៅមន្ទីរពេទ្យថាំម៉ាសាទ ក្រោយពីដឹងលទ្ធផលរោគវិនិច្ឆ័យរួចរាល់ បញ្ជូនមន្ទីរពេទ្យបង្អែកខេត្តវិញ ដើម្បីផ្តល់ថ្នាំព្យាបាល។ ការព្យាបាលនេះទទួលពិនិត្យ និងព្យាបាលជំងឺក្រពះ ពោះវៀនទេដោយក្រុមគ្រូពេទ្យថៃ នឹងជ្រើសរើសយកអ្នកជំងឺចំនួន១០០នាក់ មានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ការជំងឺប្រព័ន្ធរំលាយអាហារក្រពះ និងពោះវៀន បង្កឡើងដោយមេរោគម៉្យាងដែលលាក់មុខ ការប្រើប្រាស់ថ្នាំសរសៃរខុស របៀបអាហារ និងរលាកដោយខ្លួនឯង ដែលចាំបាច់ត្រូវព្យាបាល ឲ្យបានទាន់ពេលវេលា ជៀសវាងបណ្តាលឱ្យអាការៈធ្ងន់ធ្ងនទៅជាជំងឺមហារីក។
ចំណែកឯកញ្ញា Sirada Wongwanwatna ប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្លងយ៉ៃ ខេត្តត្រាត បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ និងបុគ្គលិក២០នាក់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យ និងព្យាបាលជំងឺប្រព័ន្ធ រំលាយអាហារជូនពលរដ្ឋកោះកុង បានជាសះស្បើយ។
កញ្ញា Wongwanwatna បន្ថែមថា នាងពិតរីករាយចំពោះបេកសម្មមនុស្សធម៌ ផ្នែកសុខាភិបាលនេះ ធ្វើឡើងក្នុងគោលបំណង ជួយលើកកម្ពស់សុខុមាលភាពសាធារណៈ គ្រាពួកគាត់មានផលវិបាក ព្រោះតែការជំងឺក្រពះ និងពោះវៀនយូរឆ្នាំ។ បើមានឱកាសលើកក្រោយទៀត កញ្ញានឹងស្នើសុំកិច្ចពីក្រុមគ្រូពេទ្យថៃ ដទៃចុះមកពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋកោះកុងជាថ្មី៕