(ភ្នំពេញ)៖ រាជធានីភ្នំពេញ គ្រោងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតសំខាន់លើការ អភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ទីក្រុង ដើម្បីជជែកពិភាក្សានិងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយ និរន្តរភាព។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ បានថ្លែងថា ការរៀបចំមហាសន្និបាតនេះ ជាមោទនភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខ សន្តិភាពពេញបរិបូរទៅដល់អន្តរជាតិផងដែរ។
លោកបន្តថា «ការងារនេះ យើងបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូនទៅក្រសួងពាក់ព័ន្ធគណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន៣ទៀត រួមមាន ខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ចឹងកិច្ចការងារនេះយើងបានរៀបចំបានច្រើនហើយ កិច្ចការចម្បងរបស់យើងគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀមរាបដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច»។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធានបទខួប ៤០ឆ្នាំ គឺ៤០ឆ្នាំ នៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង និងខួប៤០ឆ្នាំ នៃការរំដោះរាជធានីភ្នំពេញ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកបានបញ្ជាក់ថា «តាមរយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាពអច្ឆរិយៈរបស់រាជធានីភ្នំពេញ ដែលចាប់ផ្តើមពីទីក្រុងខ្មោចហើយក្លាយទៅជាទីក្រុង ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ»។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគត់ នៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប៕