(ភ្នំពេញ)៖ បងប្អូនមូស្លិមកម្ពុជាចំនួន២១នាក់នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានចេញដំណើរទៅធ្វើបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោមជំនួយរបស់សមាគមប្រភពល្អកម្ពុជា។ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញចូលរួមជូនដំណើរបងប្អូនមូស្លិមកម្ពុជានាពេលនេះ។
នៅក្នុងឱកាសនោះ លោក សុះ មូហាំម៉ាត់ អរគុណដល់រាជភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្រួលដល់សាសនឥស្លាម គ្រ់បបែបគ្រប់យ៉ាង ដើម្បីគោរពតាមបទបញ្ជា របស់សាសនាឥស្លាម។
លោក សុះ មូហាំម៉ាត់ បានបញ្ជាក់ថា ឆ្នាំ២០១៩ នេះ ឆ្នាំជាឆ្នាំទី៣ នៃគម្រោងបុណ្យហាជ្ជីរបស់សមាគមប្រភពល្អកម្ពុជា ដែលនៅឆ្នាំទី១គឺឆ្នាំ២០១៧ សមាគមបានឧបត្ថម្ភបុគ្គលិកចំនួន៩នាក់ ឆ្នាំទី២(២០១៨)បានបញ្ជូនបុគ្គលិកចំនួន២៤នាក និងឆ្នាំទី៣នេះ បញ្ជូនបុគ្គលិកចំនួន២០នាក់ ទៅចូលរួមក្នុងពិធីបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សមាគមប្រភពល្អកម្ពុជា ជាសមាគមជាតិ ដែលមានគម្រោងសប្បុរសធម៌ជាច្រើន។ បច្ចុប្បន្នសមាគមបានចិញ្ចឹមកុមារកំព្រា ចំនួន៣៥៧៥នាក់ ដោយផ្តល់អាហារបីពេល ស្នាក់នៅក្នុងអន្តេរវាសិដ្ឋានសាលា ផ្តល់ការអប់រំរៀនសូត្រ និងការពិនិត្យព្យាបាល។
សមាគមនេះ បើកសាលារៀន ដោយសាងសង់ផ្ទាល់ខ្លួន ចំនួន៣២កន្លែង សាងសង់វិហារ ឥស្លាមចំនួន១២០កន្លែង ជីកស្រះទឹកចំនួន៥ និងអណ្តូងទឹកស្អាត និងបង្គន់អនាម័យចំនួន៣០០កន្លែង។ ជាមួយគ្នានោះ សមាគមក៏បានសាងសង់មន្ទីរពេទ្យមួយកន្លែងផងដែរស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
គួររំលឹកផងដែរថា បុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាកាតព្វកិច្ចទី៥ ក្នុងគោលការណ៏គ្រឺះទាំង៥នៃសាសានាឥស្លាម។ កាតព្វកិច្ចនេះតម្រូវលើអ្នកមូស្លិមដែលមានលទ្ធភាព អាចទៅដល់ទីនោះ (គឺទីក្រុងមិក្កះប្រទេសអារ៉ាប៊ីសាអ៊ូឌីត)ត្រូវតែទៅចូលរួម យ៉ាងហោចណាស់មួយជីវិតឲ្យបានម្តង។ ឯកឧត្តមបញ្ជាក់ថា បុណ្យហាជ្ជីត្រូវបានប្រារព្វធ្វើចាប់ពីថ្ងៃទី៨កើត ដល់ថ្ងៃទី១៣កើត ខែហ្ស៊ុលហាជ្ជះ(សករាជឆ្នាំហ៊ិចរោះ)ត្រូវនឹងថ្ងៃទី០៩ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕