(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្នើឲ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បន្ដពង្រឹងកិច្ចសហប្រតិបត្តិការ លើគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅកម្ពុជា។
នេះបើតាមការបញ្ជាក់ពីលោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់មកក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ របស់បេសកកម្មទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ស្នាក់ការកណ្តាល ជាមួយលោកស្រី អ៊ឹង កន្ថាផាវី នៅទីស្ដីការក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោកស្រី ច័ន្ទ សូរីយ៍ បានបញ្ជាក់ថា ក្នុងជំនួបនោះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានប្រាប់ឲ្យភាគី JICA ត្រូវពង្រឹងបន្ថែមអំពីកិច្ចសហប្រតិបត្ដិការ លើគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅកម្ពុជា។
លោកស្រី ច័ន្ទ សូរីយ៍ បានបន្ថែមថា ជាមួយគ្នានោះ លោកស្រីរដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី ក៏បានស្នើឲ្យភាគី JICA ត្រូវត្រួតពិនិត្យមើលបន្ថែម ក្នុងគោលបំណងដើម្បីធ្វើអ្វីបន្ថែមទៀត និងត្រូវតែបន្ដកិច្ចសហការលើការងារនេះ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី រូបនេះ បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ មាននៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តសៀមរាប។ ក្នុងនោះ បានធ្វើការងារ ដើម្បីបង្កើនភាព អង់អាច លើវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប និងវិស័យកសិកម្ម នៅក្នុងខេត្តកំពង់ឆ្នាំង។
លោកស្រី បានលើកឡើងថា នេះជាការងារចំបង របស់គម្រោងបញ្ជ្រាបយេនឌ័រ នៅក្នុងការងារផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើនភាពអង់អាចដល់ស្ដ្រី គឺមានប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ ដើម្បីឲ្យថវិកាក្នុងគ្រួសារបានរី កចម្រើន និងអាចកាត់បន្ថយគំលាតយេនឌ័រ នៅក្នុងខេត្តទាំងនោះ។
សូមបញ្ជាក់ថា ក្រសួងកិច្ចការនារី និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានប្រវត្តិយូរអង្វែង ក្នុងកិច្ចសហការគ្នា ចាប់តាំងពីដើមទស្សវត្សន៍ទី ៩០។ ចាប់តាំងពីឆ្នាំ ២០០៣ គម្រោងសហប្រតិបត្តិការ បច្ចេកទេសចំនួនពីរ ដើម្បីពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ នៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបានអនុវត្តអស់រយៈពេល ១០ឆ្នាំ។
គម្រោង បច្ចុប្បន្នដែលកំពុងដំណើរការ គឺគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី។ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី (WEE) នៅថ្នាក់ក្រោមជាតិ ជាមួយក្រសួង និងមន្ទីរដៃគូ តាមរយៈការស្វែងរកការគាំទ្រមតិ និងសម្របសម្រួល ដោយក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី៕