(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីវាយតម្លៃ «ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» ដល់មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះបានបង្ហាញអំពីសារសំខាន់ដូចតទៅ៖

១៖ បង្ហាញនីតិវិធីចុះឈ្មោះចូលរួម ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋានស្អាត៖ភោជនីយដ្ឋានស្អាត ភោជនីយដ្ឋានគ្មាន សំរាមជាក្រដាស»។ ចំពោះម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន អាចចុះឈ្មោះនៅក្រសួងទេសចរណ៍ (នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ) ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Online: http//cleanrest.cambodiaeconusiness.org/account_rest/creat។

ក្រោយពីទទួលបានការចុះឈ្មោះចូលរួម ម្ចាស់អាជីវកម្មនឹងទទួលបានត្រាចំនួន ២ គឺ ត្រាគ្មានសំរាមក្រោមតុ និងត្រាបង្គន់អនាម័យស្អាត - ចំពោះសាធារណជនអាចចុះឈ្មោះនៅក្រសួងទេសចរណ៍ (នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ) ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Online: http//cleanrest.cambodiaeconusiness.org/creat_account/creat ។ ក្រោយពីបានចុះឈ្មោះស្នើសុំ លោកអ្នកនឹង ទទួលបានកូនសៀវ Green Passport ។ ចំពោះនីតិធីប្រឡងប្រណាំង ក្រសួង ឬមន្ទីរទេសចរណ៍នឹងធ្វើការណែនាំបន្ត ។

២៖ ការវាយតម្លៃចំណាត់ថ្នាក់ ចំណាត់ថ្នាក់ «ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» ដែលរួមមាន២ សូចនាករគោល មាន៥សូចនាករលំអិត និង១៣ លក្ខណៈវិនិច្ឆ័យ៖

* សូចនាករគោលស្តីពីការគ្រប់គ្រងសំរាមនៅ តាមតុអាហារ៖ ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មកមានការរៀចំធុងដាក់សំរាមនៅគ្រប់អាហារ និងមានចាត់បុគ្គលិកប្រមូលសំរាមដែលភ្ញៀវបោះចោលខុសធុងសំរាម និងមានការណែនាំរំលឹកដល់ភ្ញៀវអំពីផលប៉ះពាល់នៃការចោលសំរាម ដោយការប្រើប្រាស់សម្ភារៈសម្រាប់ជូតជំនួសក្រដាស ។

* សូចនាករគោលស្តីអំពីបង្គន់សាធារណស្អាត៖ ក្នុងគោលបំណងឱ្យមានការសម្អាតបន្ទប់ទឹកជាប្រចាំពេលដែលមានភ្ញៀវប្រើប្រាស់ច្រើន និងមានបែងចែកបន្ទប់ទឹក បុរស និងស្ត្រី និងមិនមានក្លិនអាក្រក់ ។

បច្ចុប្បន្នមានភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ប្រមាណជិត ៩០០ទីតាំង បានដាក់ពាក្យចូលរួមប្រឡងប្រណាំង «ភោជនីដ្ឋានស្អាត៖ គ្មានសម្រាមជាក្រដាសក្រោមតុ» និងមានការចូលរួមជាបន្តបន្ទាប់ (ប្រមាណជិត ៥០%) នៃភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ទូទាំងប្រទេស។

ការប្រឡងប្រណាំង «ភោជនីដ្ឋានស្អាត៖ គ្មានសម្រាមជាក្រដាសក្រោមតុ» អាចទទួលបានជោគជ័យដោយផ្អែកលើការចូលរួមពីភាគីផ្នែកឯកជនជាម្ចាស់អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋគ្រប់រូបតាមរយៈការប្រើកូនសៀវភៅ Green passport ដែលអាចវាយតម្លៃភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលខ្លួនបានចូលញាំ ដោយស្នើអោយម្ចាស់អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍វាយត្រាបញ្ជាក់ថាស្អាតនៅលើកូនសៀវភៅរបស់ខ្លួន។ នៅរៀងរាល់ចុងឆ្នាំ ក្រសួងទេសចរណ៍ នឹងរៀបចំការបូកសរុបភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលមានត្រាច្រើនជាងគេ នឹងទទួលបានជ័យលាភី៕