(កំពង់ចាម)៖ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម។
ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ប្រមាណជាង ៥០០នាក់។
យោងតាមសេចក្តីសម្រេចលេខ២៣ សសរ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ត្រូវបានទទួលការតែងតាំងមុខតំណែងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិទាំងអស់ រួមគ្នាពង្រឹងសាមគ្គីភាពជាមួយក្រុមប្រឹក្សា និងគណៈបញ្ជារការឯកភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្ត ដើម្បីកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើរ ជាពិសេសឆ្លើយតបតម្រូវការសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕