(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានរំពឹងទុកថា ប្រសិនបើមិនមានផលប៉ះពាល់ដល់ទិន្នផលស្រូវ ដោយកត្តាធម្មជាតិទេ យ៉ាងហោចណាស់សហគមន៍កសិកម្មទាំងអស់ នៅក្នុងខេត្តព្រះវិហារ និងអាចផ្គត់ផ្គង់ស្រូវសរីរាង្គ ជូនក្រុមហ៊ុន តាមកិច្ចសន្យាអាចកើនឡើង ដល់២ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ។
ការផ្តល់ក្តីរំពឹងបែបនេះ របស់លោក ប្រាក់ សុវណ្ណ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោក អញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ កម្ពុជា រវាងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ មានសហគមន៍កសិកម្មចំនួន៣៤ មានសមាជិកជាអ្នកផលិតប្រមាណ៥,០០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ឱ្យក្រុមហ៊ុននាំចេញក្នុងបរិមាណជាង១២,០០០តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩នេះ យើងនៅតែបន្តផ្គត់ផ្គង់ តាមរយៈកិច្ចសន្យានេះ ដដែលក្នុងបរិមាណលើសឆ្នាំមុន ដោយសារការកើនឡើង ចំនួនអ្នកផលិត។
អភិបាលខេត្តព្រះវិហារ ធ្វើការរំពឹងទុកថាយ៉ាងដូច្នេះថា៖ «ប្រសិនបើមិនមានផលប៉ះពាល់ដល់ទិន្នផលស្រូវ យ៉ាងហោចណាស់ សហគមន៍កសិកម្មទាំងអស់ និងអាចផ្គត់ផ្គង់បានកើនឡើងដល់២ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ បើគិតទាំងបរិមាណដែលយើង និងចុះកិច្ចសន្យាពីសហគមន៍កសិកម្ម ចំនួន២២ ដែលមានបរិមាណសរុបជាង១,៧០០០តោន»។
ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណ បានលើកឡើងថា តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា រវាងសហគមន៍កសិកម្ម នៅក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុន អេមរុរ៉ាយស៍កម្ពុជា ដោយមានការសហការ និងការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងអង្កការជាដៃគូរនានា លោកសង្ឃឹម និងជឿជាក់ថាភាពក្រីក្រ របស់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ និងត្រូវបានកាត់បម្ថយមួយកម្រិតថែមទៀត។
អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណផងដែរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងកិច្ចសម្របសម្រួលរវាងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលទិញស្រូវសរីរាង្គ ឱ្យត្រូវតាមស្តង់ដាអឺរ៉ុប និងអាមេរិក សម្រាប់លក់ឱ្យក្រុមហ៊ុនធ្វើការនាំចេញ៕