(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកា ចំនួន៤លានរៀល, ទឹកសុទ្ធ៤កេស, ទឹកដោះគោ៣កេស, ទឹកផ្លែឈើ១កេស និងផ្លែឈើស្រស់១កន្ត្រក ដែលជាអំណោយសួរសុខទុក្ខ និងជាការចែករំលែកសម្រាលបន្ទុក ក្នុងការព្យាបាលជំងឺ ព្រមទាំងបានសំណេះសំណាល ផ្តាំផ្ញើឲ្យអ្នកជំងឺថែរក្សាសុខភាពឲ្យបានហ្មត់ចត់ និងជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ផងដែរ៕