(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានណែនាំដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងមាត់បទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា លើករណីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។
ការណែនាំរបស់លោកមេបញ្ជាការបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុង ស្រុករួម និងស្នាក់ការសន្តិសុខជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តថា តាមរយៈបទបញ្ជាជាសារសម្លេងរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ឲ្យមានប្រសិទ្ធភាពបំផុត ដោយគ្មានការលើកលែងយោគយល់នោះទេ។
ជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា លើការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ មេបញ្ជាការរកងរាជអាវុធហត្ថខេត្តព្រះវិហារ បានណែនាំដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវឃ្លាំមើល ធ្វើការស្រាវជ្រាវនៅតាមភូមិសាស្ត្រឈរជើងរៀងៗខ្លួន ធ្វើយ៉ាងណាបង្ក្រាបបទល្មើសនេះឲ្យបានជាដាច់ខាត។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនិងពលអាវុធហត្ថគ្រប់ៗ ដែលបានលះបង់កម្លាំងកាយចិត្ត អនុវត្តន៍តួនាទី ភារកិច្ច និងកិច្ចការសង្គមផ្សេងៗទៀត បានទទួលជោគជ័យ៕