(ព្រះវិហារ)៖ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋ ភូមិដំណាក់ សង្កាត់កំពង់ប្រណាក និងប្រជាពលរដ្ឋភូមិស្ថាពរ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារជិត ១០០០គ្រួសារ ត្រូវបានរៀបចំប្រគល់ជូន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរក្រុងព្រះវិហារ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូប។
លោក សំ សារឿន បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងសង្កាត់កំពង់ប្រណាកមានសរុប ១០ភូមិ ក្នុងនោះភូមិដំណាក់ជាភូមិទី១០ ដែលក្រុមការងារបានអនុវត្តនីតិវិធី នៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។ ចំណែកសង្កាត់ប៉ាលហាលសរុប ១០ភូមិក្នុងនោះភូមិស្ថាពរគឺជាភូមិទី៦ ដែលក្រុមការងារបានអនុវត្តនីតិវិធីនៃដំណាក់កាលនិមួយៗ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ រហូតដល់ពិធីចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
លោក សំ សារឿន បានបន្តថា លទ្ធផលដែលយើងទទួលបានគឺ១ កាកំណត់ព្រំ និងវិនិច្ឆ័យភូមិដំណាក់សរុប៤៧៧ក្បាលដី ស្មើនិងផ្ទៃដីទំហំ៧៤.០១ហិកតាស្មើនិង៣៥៤គ្រួសារ។ ក្នុងនោះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែកជូនមាន៣៩០ក្បាលដី ស្មើនិង៤៥.៨០ហិកតាស្មើនិង៣២៣គ្រួសារជាវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ ដែលម្ចាស់ដីបានបំពេញគ្រប់លក្ខណ្ឌ។ ២.ការកំណត់ព្រំ វិនិច្ឆយ័ភូមិស្ថាពរសរុប៨៩៥ក្បាល ដីស្មើនិងផ្ទៃដី១៨៨.៩៤ហិកតាស្មើនិង៥៧២គ្រួសារក្នុងនោះ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនវត្ថុដែលត្រូវចែកជូនមានចំនួន៧៤៨ក្បាលដី ស្មើនិងទំហំផ្ទៃដី១៥៥.២៦ហិកតាស្មើនិង៥៥៧គ្រួសារ ជាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដែលម្ចាស់ដីបានបំពេញគ្រប់លក្ខណ្ឌ។
ជាមួយគ្នានោះលោកប្រធានមន្ទីរដែនដី បានអំពាវនាវដល់គ្រប់ស្ថាបន័រដ្ឋ ឯកជនព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះ ចូលរួមមកទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៥.០០ល្ងាច។
លោក អ៊ុង វុឌ្ឍី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនេះហើយ សូមធ្វើការថែរក្សាឲ្យបានគង់វង្ស ព្រោះវាមានសារសំខាន់ណាស់ សម្រាប់បងប្អូន។ ជាមួយគ្នានេះ ត្រូវធ្វើការផ្វព្វផ្សាយដល់បងប្អូន ឬញាតិជិតខាងដែលមិនទាន់បានមកទទួល សូមឲ្យពួកគាត់អញ្ជើញមកទទួលឲ្យបានគ្រប់ៗគ្នា៕