(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ លើម្ហូបអាហារ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា មន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យតាមផ្សារ និងការដាក់លក់តាមផ្ទះជាប់ជាប្រចាំ ដើម្បីធានាសុខភាពជូនពលរដ្ឋ ដោយឡែកនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារក្នុងផ្សារថ្នល់ទទឹង លើផលិតផលម្ហូបអាហារ រួមមាន ជ្រក់មមៀញ ជ្រក់ត្រសក់ ត្រពាំងត្រាំល្ហុងមាំ ត្រីងៀតប្រឡាក់ និងគ្រឿងកំប៉ុងមួយចំនួនទៀត សំដៅស្វែងរកសារធាតុគីមី ដែលធ្វើឱ្យប៉ះពាលសុខភាពអ្នកទទួលទាន។
លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលនៃការធ្វើតេស្តបឋម មន្ត្រីកាំកុងត្រូល បានរកឃើញមមៀញជ្រក់ផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលបង្កឱ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគ ទន្ទឹមនោះមន្ត្រីកាំកុងត្រូល បានចាត់វិធានការដកហូតភ្លាមៗ ១គីឡូក្រាម ដោយធ្វើកំណត់ហេតុដកហូតទៅតាមនីតិវិធី។ ចំណែកផលិតផលគំរូដទៃទៀត ពុំមានវត្តមានសារធាតុគីមីហាមឃាត់ ខូចគុណភាព ឬហួសកាលបរិច្ឆេទនៃការប្រើប្រាស់នោះឡើយ។
លោកបានបន្ថែមទៀតថា សមត្ថកិច្ចជំនាញក៏បានធ្វើការណែនាំអាជីវករ ក៏ដូចជាបានបិទស្លាកអប់រំ ស្តីពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីឱ្យអ្នកលក់ និងអ្នកទិញ បានយល់ជាចំណេះដឹងក្នុងការដាក់តាំងលក់ ចំពោះផលិតផលទំនិញទាំងឡាយប្រកបដោយគុណភាពល្អ៕