(ភ្នំពេញ)៖ លោក លូ ម៉េង នាយកប្រតិបត្តិសហព័ន្ធទេសចរណ៍កម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ងាកមកប្រកបរបរដាំដំណាំកាហ្វេវិញ ខណៈវិស័យកាហ្វេកំពុងតែរីកលូតលាស់ខ្លាំងនៅកម្ពុជា និងបន្ដរីកលូតលាស់នៅរយៈពេល៣០ឆ្នាំទៅមុខទៀត។
ការលើកឡើងបែបនេះ របស់នាយកប្រតិបត្តិសហព័ន្ធទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី «ប្រកាសជាផ្លូវការនៃការប្រកួតប្រជែង ឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា» រៀបចំឡើងក្រោមកិច្ចសហការដោយក្រសួងទេសចរណ៍ , សមាគមភោជនីយដ្ឋានកម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, វិទ្យាស្ថានខូហ្វី និងក្រុមហ៊ុនខូហ្វី។
កម្មវិធី «ប្រកាសជាផ្លូវការនៃការប្រកួតប្រជែង ឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា» ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក មាន វណ្ណដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍, លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, កញ្ញា ហាក់ លីណា ប្រធានសមាគមភោគជនីយដ្ឋានកម្ពុជា, លោក ចុង ហុកស៊ូន ប្រធានវិទ្យាស្ថានខូហ្វី។
សូមសម្រាបថា ក្រោមកិច្ចសហការពីបណ្ដាក្រសួងទេសចរណ៍, សមាគមភោជនីយដ្ឋានកម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, វិទ្យាស្ថានខូហ្វី និងក្រុមហ៊ុនខូហ្វី បានរៀបចំដំណើរការនៃកម្មវិធី ប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំកម្ពុជាឆ្នាំ២០១៩។
លោក លូ ម៉េង បានថ្លែងឲ្យដឹងថា «នៅកម្ពុជាស្ទើរតែ៨៥-៩០% ដែលនាំចូលកាហ្វេពីបរទេស ហើយអ្នកដែលលីងកាហ្វេ អ្នកដែលវិនិយោគក្រុមហ៊ុនកាហ្វេទាំងអស់នោះ មិនបានទិញកាហ្វេនៅកម្ពុជាឡើយ មិនមែនមានន័យថាមិនចង់ទិញទេ ប៉ុន្ដែកាហ្វេក្នុងស្រុកពុំមានគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់សម្រាប់ហាងទាំងអស់»។
លោកបន្ថែមថា «អាស្រ័យហេតុនេះខ្ញុំសូមសំណមពរ ដល់ពលរដ្ឋមានចំការ ឬអ្នកចង់វិនិយោគ ត្រូវវិនិយោគលើដំណាំកាហ្វេឲ្យបានច្រើន ព្រោះបច្ចុប្បន្ននេះកាហ្វេនៅកម្ពុជា កំពុងល្បីល្បាញ គឺកាហ្វេក្នុងខេត្តមណ្ឌលគីរី, ខេត្តរតនគីរី ឬខេត្តក្បែរៗខេត្តទាំង២នេះសុទ្ធសឹងតែដីល្អ អាចវិនិយោគដំណាំកាហ្វេ និងទទួលផលល្អប្រសើរ»។
លោក លូ ម៉េង ថ្លែងបន្ដថា កាហ្វេត្រូវបានព្យាករណ៍ថា ពីឥឡូវរហូតដល់៣០ឆ្នាំទៅមុខ នៅតែសំខាន់ទូទាំងពិភពលោកមួយវិញទៀតកាហ្វេកម្ពុជា មានរសជាតិឆ្ងាញ់ប្លែកខុសពីកាហ្វេ ដែលនាំចូលពីបណ្ដាប្រទេសនានា។ ដោយឡែកសម្រាប់អ្នកចង់វិនិយោកគួរ តែចាប់ផ្ដើមដាំពីឥឡូវនេះតទៅព្រោះ កាហ្វេមានតម្លៃវែងឆ្ងាយណាស់ពេលខាងមុខ។
បន្ថែមពីនោះលោក មាន វណ្ណដេត តំណាងក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងជំរុញឲ្យវិនិយោគលើវិស័យកាហ្វេឲ្យបានច្រើន។ លោកបានពន្យល់ពីការជំរុញ វិស័យកាហ្វេនៅកម្ពុជា ដោយលើកឡើងថា ពេលវិស័យទេសចរណ៍មានការរីកចម្រើន ភ្ញៀវទេសចរណ៍ចូលមកច្រើន ដែលបង្កឲ្យមានការបង្កើតនូវសណ្ឋាគារ, អូតែល, ភោគជនីយដ្ឋានផ្សេងៗកាន់តែច្រើន ហើយកាលណាមានសណ្ឋាគារ និងភោគជនីយដ្ឋានច្រើន តម្រូវការកាហ្វេកាន់តែច្រើនដូចគ្នា។
លោកបន្ដថា កាលណាមានតម្រូវការខ្ពស់នោះ ការផលិតរបស់ប្រជាកសិករកាន់តែច្រើនដូចគ្នា។ ក្នុងនាមជាតំណាងក្រសួងទេសចរណ៍ សូមលើកទឹកចិត្តឲ្យឧស្សាហកម្មទេសចរណ៍ សណ្ឋាគារ, ភោគជនីយដ្ឋានទាំងអស់ ប្រកាសគាំទ្រលើវិស័យកាហ្វេនេះឲ្យបានច្រើន។
ជាមួយតម្រូវការកាហ្វេដ៏លើសលុបនេះហើយ បានជាកម្ពុជាតែងតែរៀបចំការប្រកួតឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហការក្រសួងទេសចរណ៍ , សមាគមភោជនីយដ្ឋានកម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, វិទ្យាស្ថានខូហ្វី និងក្រុមហ៊ុនខូហ្វី បានរៀបចំដំណើរការនៃកម្មវិធីប្រកួតប្រជែង ឆុងកាហ្វេថ្នាក់ជាតិប្រចាំកម្ពុជាឆ្នាំ២០១៩។
ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា មានគោលបំណងសំខាន់នៃ ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ មាន៤ចំណុចសំខាន់ៗរួមមាន៖
១៖ ផ្ដល់នូវវេទិកាមួយសម្រាប់គ្រប់វិស័យទាំងអស់ នៃឧស្សាហកម្មកាហ្វេ ដើម្បីចែករំលែកព័ត៌មាន និងរួមគ្នាលើកម្ពស់ការប្រើប្រាស់កាហ្វេ និងអាជីវកម្មកាហ្វេ។
២៖ បង្កើតការយល់ដឹង និងលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា។
៣៖ ធ្វើបទបង្ហាញពីឧស្សាហកម្មកាហ្វេ នៅវេទិកាជាតិ និងអន្ដរជាតិ។
៤៖ លើកទឹកចិត្តយុវជនជំនាន់ក្រោយ ក៏ដូចជាលើកកម្ពស់ជំនាញឆុងកាហ្វេនៅទូទាំងប្រទេស។
លោក ចុង ហុកស៊ូន ប្រធានវិទ្យាស្ថាន ខូហ្វ បានថ្លែងឲ្យដឹងថា ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំកម្ពុជា រៀបចំឡើងតាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល៩ឆ្នាំហើយ។ ការប្រកួតប្រជែងឆុងកាហ្វេ ថ្នាក់ជាតិទូទាំងប្រទេស ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានអ្នកជំនាញ ឆុងកាហ្វេជាច្រើន បង្ហាញពីទេពកោសល្យ ក្នុងការឆុងកាហ្វេដ៏ល្អ និងមានការបំផុសគំនិតឆ្នៃប្រឌិតថ្មីៗ ចំពោះឧស្សាហកម្មកាហ្វេ។
លោកបន្ដថា ជាក់ស្ដែងក្នុងឆ្នាំនេះកម្ពុជា មានអ្នកដាក់ពាក្យចូលរួមប្រកួតប្រជែងចំនួន៣០នាក់ និងសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរ និងមិនតម្រូវឲ្យពួកគាត់ចូលរួមប្រកួតជាម្ចាស់ហាង ឬជាម្ចាស់អាជីវកម្មឡើយ គឺអនុញ្ញាតឲ្យមានការចូលរួមដោយសិរី។