(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សវ័យក្មេងកម្ពុជានោះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ សាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា បានបញ្ជូនកូនសិស្សានុសិស្សកម្រិតបឋមសិក្សារបស់ខ្លួនចំនួន២០រូប បន្ថែមទៀត ឱ្យទៅបំពេញទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី រយៈពេល១សប្តាហ៍ ដើម្បីទៅចូលរួមការផ្លាស់ប្តូរការសិក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នា។
បើតាមលោកគ្រូ សេង បូណា ដែលជាស្ថាបនិក និងជាអគ្គនាយក សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានថ្លែងថា ចង់បានប្រាក់ខែច្រើន និងជោគជ័យក្នុងជីវិត យុវជនត្រូវមានចំណេះដឹងពិតប្រាកដ ជំនាញច្បាស់លាស់ ភាពស្មោះត្រង់ និងការអត់ធ្មត់ខ្ពស់ ដោយធ្វើការងារចេញពីបេះដូងប្រកបដោយក្រមសីលធម៌។
តាមគោលការណ៍ នៃប្រព័ន្ធគ្រប់គ្រងក្នុងការអប់រំបែបអន្តរជាតិ ថ្នាក់ដឹកនាំរបស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា តែងតែគិតគូជាចម្បង ទៅលើសីលធម៌ គុណធម៌ និងជាពិសេសនោះ គឺគុណភាពនៃវិស័យអប់រំ។ ដោយផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់របស់ ជាស្ថាបនិក សាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា បានបង្កើតឡើងនូវកម្មវិធីសិក្សាជាច្រើន ដែលមានលក្ខណៈដូចជាទី១៖ កម្មវិធីសិក្សាតាមកម្រិតជាតិ គឺសិក្សាជាភាសាខ្មែរ ដោយអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ សិស្សានុសិស្សរបស់យើង និងបានសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យត្រឹមត្រូវដែលអាចធ្វើ ឱ្យសិស្សានុសិស្ស ងាយយល់ក្នុងកម្មវិធីសិក្សាភាសាជាតិ និងទី២៖ កម្មវិធីសិក្សាតាមកម្រិតអន្តរជាតិ សិក្សាជាភាសាអង់គ្លេសជាមួយគ្រូជនជាតិដើម ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យក្នុងការបង្រៀនត្រឹមត្រូវ។
លើសពីនេះទៅទៀតកម្មវិធីសិក្សាលក្ខណៈអន្តរជាតិនេះ គឺស្របគ្នាជាមួយនឹងកម្មវិធីសិក្សារបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ញូហ្សេឡែន អូស្រ្ដាលី និងប្រទេសសិង្ហបុរី ដោយមានកិច្ចព្រមព្រៀង នៃអនុស្សរណៈយោគយល់ជាមួយគ្នាលើការផ្លាស់ប្តូរកម្មវិធីសិក្សា របស់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀតសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា មានចំណុចពិសេសមួយ គឺនៅពេលដែលសិស្សានុសិស្ស របស់យើងចង់ផ្ទេរការសិក្សាចេញទៅប្រទេសទាំងនោះ គឺអាចផ្ទេរទៅបានដោយគ្មានបញ្ហា និងមិនខាតឆ្នាំសិក្សាទៀតផង។ លើសពីនេះទៅទៀតសាលាមានបន្ថែមនូវកម្មវិធីសិក្សាជាភាសាចិន ផងដែរ។
ជាក់ស្តែងសាលាតែងតែបញ្ជូនសិស្សានុសិស្ស ទៅចូលរួមការផ្លាស់ប្តូរការសិក្សា នៅតាមប្រទេសមានការអប់រំ និងសេដ្ឋកិច្ចជឿនលឿន ដើម្បីធ្វើយ៉ាងឱ្យពួកគេ ទទួលបាននៅចំណេះដឹងថ្មីៗបន្ថែមទៀត ព្រមទាំងកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការក្រេបយក ចំណេះដឹងខាងក្រៅ មកបំពេញចំណេះដឹងនៅខាងក្នុង ដែលផ្នែកមួយជួយអភិវឌ្ឍប្រជាជាតិ ឱ្យមានការរីកចម្រើនទៅមុខជានិរន្តរ។
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បើកចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ និងថ្នាក់សាកលវិទ្យាល័យនាពេលខាងមុខផងដែរ។
ដោយមើលឃើញពីការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលនាពេលនេះ គណៈគ្រប់គ្រប់គ្រងនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានបន្ថែមនូវថ្នាក់បំណិនជីវិតមានដូចជា ថ្នាក់កុំព្យូទ័រ ថ្នាក់ហែលទឹក និងថ្នាក់តន្រ្ដី ជាពិសេសក្នុងនោះមានបញ្ចូលកម្មវិធី ការនិយាយជាសាធារណៈ កម្មវិធីតស៊ូមតិ ដើម្បីពង្រឹងសមត្ថភាព របស់សិស្សក្នុងការជជែកលើការងារអ្វីមួយក៏ដូចជាផ្ដល់ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងផងដែរ។ សូមបញ្ជាក់ថា ការនិយាយជាសាធារណៈ និងកម្មវិធីតស៊ូមតិ គឺធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។
ជាទិសដៅចម្បង របស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា គឺធ្វើយ៉ាងណាផ្ដល់ជូនសិស្សានុសិស្សនូវការមើលឃើញពិភពលោកយ៉ាងទូលំទូលាយ ស្វែងយល់ពីប្រព័ន្ធនៃការសិក្សានៅបរទេសដែលសម្បូរបែប ជាពិសេសទៅទៀតគឺធ្វើឱ្យសិស្សានុសិស្សរបស់យើង មើលឃើញពីបែបបទ នៃការរស់នៅ និងធ្វើការងារនៅឯបរទេស ហើយនៅពេលខាងមុខឆាប់ៗនេះ សាលាក៏បានត្រៀមបញ្ជូនសិស្សានុសិស្ស របស់ខ្លួនឱ្យទៅបន្តការសិក្សានៅឯបរទេសផងដែរ។
បើតាមលោក ឃីម សុខហេង ជាអាណាព្យាបាលរបស់សិស្ស បានថ្លែងថា ការបញ្ជូនសិស្សានុសិស្សទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្រៅប្រទេស គឺជាការបើកនូវទស្សនវិស័យមួយឱ្យកុមារា កុមារី របស់កម្ពុជា ទទួលបាននូវចំណេះដឹងថ្មីៗ ព្រោះក្មេងៗ ជាទំពាំងស្នងឫស្សី ដូច្នេះ ការទទួលបានការសិក្សាលើប្រព័ន្ធអប់រំល្អ នៅក្នុងប្រទេស ព្រមទាំងបានទៅដកស្រង់បទពិសោធន៍នៅក្រៅប្រទេស ដែលមានប្រព័ន្ធអប់រំជឿនលឿនទៀត គឺរឿងមួយដ៏ល្អផងដែរ។
អាណាព្យាបាលសិស្សដដែល បានបន្តថា ការវិនិយោគលើវិស័យអប់រំ គឺជារឿងចាំបាច់ដ៏សំខាន់មួយ តែអ្វីដែលសំខាន់បំផុតនោះ គឺប្រព័ន្ធអប់រំល្អ ដែលឆ្លើយតបនឹងការអវិវឌ្ឍរបស់សង្គម ការវិវឌ្ឍក្នុងតំបន់ ហើយជាពិសេសការជំរុញការសិក្សានៅក្នុងប្រទេស ព្រមទាំងការសិក្សានៅលើពិភពលោកផងដែរ។ ដូច្នេះ ការជំរុញបង្កើតឱ្យមានប្រព័ន្ធអប់រំល្អ មានគ្រូជាតិ និងអន្តរជាតិ ដែលមានគុណភាព គឺជារឿងមួយដែលសំខាន់ និងចាំបាច់បំផុត៕