(ត្បូងឃ្មុំ)៖ អភិបាលស្រុកក្រូចឆ្មារថ្មី ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសតែងតាំង និងឲ្យចូលកាន់តំណែង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ស្ថាប័នឯកជន និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់គណៈបញ្ជាការឯកភាពខេត្ត ស្រុក លោកអភិបាលស្រុកក្រូចឆ្មារថ្មី កងកម្លាំងទាំង៣ ដាច់ខាតត្រូវបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ និងទប់ស្កាត់ការការរុករានកាប់ទន្រ្ទានដី និងព្រៃលិចទឹកឲ្យខានតែបាន ដោយឡែកនឹងមានការដាំកូនឈើជាច្រើនបន្ថែមទៀត គឺនៅពេលទឹកស្រកវិញ នឹងដាំដើមសណ្តាន់លក្ខណៈទ្រង់ទ្រាយធំ នៅតំបន់នេះ ដោយសង្ឃឹមថាព្រៃលិចទឹក និងហ្វូងមច្ឆា នឹងនូវគង់វង្ស ទុកសម្រាប់ជាប្រយោជន៍សម្រាប់ពលរដ្ឋតកូនចៅ រៀងរហូតទៅ។
ត្រង់ចំណូចនេះ លោកបានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា ដែលលោកយកចិត្តទុកដាក់ក្នុងរឿងនេះ ដោយបានផ្តល់ជាបង្គោលកំណត់តំបន់ព្រៃលិចទឹកក្នុងស្រុកក្រូចឆ្មារ។
មួយវិញទៀតស្រុកក្រូចឆ្មារ ជាស្រុកជាប់ដងទន្លេ ដែលលិចស្ទើររៀងរាល់ឆ្នាំ ដូចនេះលោក ណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ពិសេសត្រៀមរៀបចំទីទួល សុវត្ថិភាព សម្រាប់ពលរដ្ឋ។
ជាមួយគ្នានេះផងដែរលោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នាដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជ័យ ជាពិសេសត្រូវយកចិត្តទុក ដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព និងយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភយកដីរដ្ឋ និងដីចំណីផ្លូវសាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមផងដែរ។
សូមបញ្ជាក់ថា អភិបាលស្រុកក្រូចឆ្មារថ្មី ដែលត្រូវប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺលោក សយ ទូច អតីតនាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ជំនួសលោក ស្រេង លី ត្រូវផ្លាស់ប្តូរទៅកាន់តំណែងអភិបាលស្រុកមេមត់៕