(ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានអញ្ជើញសម្ពោធការបង្ហាញស្លាកសញ្ញា នៃការទស្សនាប្រទេសម៉ាឡេស៉ី ២០២០ (VM2020) ជាផ្លូវការហើយ ដោយលោកកំណត់ថា នឹងមានភ្ញៀវទេសចរ ៣០លាននាក់ ទៅលេងប្រទេសរបស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។
ពិធីសម្ពោធស្លាកសញ្ញា VM2020 ត្រូវបានធ្វើឡើងជាផ្លូវការ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិ គួឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានថ្លែងថា យុទ្ធនាការ VM2020 គឺជាឱកាសមួយ ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរ និងធ្វើឲ្យប្រទេសនេះ ក្លាយជាគោលដៅជម្រើសសម្រាប់លំហែរកាយ និងគោលដៅទេសចរណ៍ នៃការធ្វើជំនួញពាណិជ្ជកម្មផងដែរ។
ជាមួយនឹងការដាក់គោលដៅ ដើម្បីស្រូបទាញភ្ញៀវទេសចរចំនួន ៣០លាននាក់នេះ, លោក មហាធៀ បានថ្លែងបន្តថា ការកើនឡើងនៃជើងហោះហើរ ពីគោលដៅនៃប្រទេសផ្សេងៗ ទៅកាន់ប្រទេសម៉ាឡេស៊ី គឺជារឿងសំខាន់មួយ នៃគំនិតផ្តួចផ្តើមដែលត្រូវអនុវត្តដើម្បីជំរុញកំណើនភ្ញៀវទេសចរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើយើងមានមធ្យោបាយងាយស្រួល ក្នុងការភ្ជាប់បណ្តាញអាកាសចរណ៍ ភ្ជាប់បណ្តាទីក្រុងផ្សេងទៀត ជាមួយប្រទេសម៉ាឡេស៊ី យើងនឹងអាចទទួលបាន ភ្ញៀវទេសចរបន្ថែមទៀត»។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន ២៥,៨លាននាក់ ខណៈពេលដែលត្រឹមតែ ៥ខែដំបូង នៃដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបានទៅលេង ប្រទេសម៉ាឡេស៊ី មានចំនួនជាង ១០លាននាក់ឯណោះ៕