(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធការងារ ត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយ ដែលរៀបចំដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាកងពលលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា កងសង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ៧១១ នៃកងពលលេខ៧០ ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០០៩ ក្រោមកិច្ចសហការរវាងកងពល និងអង្គការសង្គ្រោះផ្នែកវិជ្ជសាស្រ្តជប៉ុនដែលហៅកាត់ថា «JPR» នៃទីក្រុងកូបេ ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពសង្រ្គោះគ្រោះមហន្តរាយ។
បើតាមលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជាក់ស្តែងក្នុងរយ:ពេលន្លងមក កងសង្រ្គោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ នៃកងពលលេខ៧០ បានចេញអន្តរាគមន៍សង្គ្រោះសរុបចំនួន១,៧០១លើក ក្នុងនោះសង្រ្គោះជនរងគ្រោះ បានចំនួន១,៦៦៨លើក និងបានចូលរួមក្នុងប្រតិបត្តការ រុករក និងសង្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុ។
បន្ទាប់ពីបានទស្សនាការបង្ហាញពីលំហាត់ សង្គ្រោះគ្រោះថ្នាក់ចរាចរ និងអគ្គីភ័យ ព្រមទាំងស្តាប់ពីបទពិសោធ ក្នុងការរុករក និងសង្គ្រោះក្នុងហេតុការណ៍ រលំបាក់អាគារ៧ជាន់រួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងពលលេខ៧០ និងយោធិនគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ព្យាយាមរុករក សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលា ក្នុងការជួយសង្គ្រោះ ពេលមានគ្រោះមហន្ដរាយ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទេសរដ្ឋមន្ត្រី អនុប្រធានទី១ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ាន និងពិភពលោក ដូច្នេះបើយើងស្រឡាញ់សម្តេច គាំទ្រសម្តេច ទាល់តែមន្ត្រីរាជការកងកម្លាំងទាំងអស់គ្នា ត្រូវខិតខំទ្វេរដងថែមទៀត៕