(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឱ្យរៀបចំដាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តមួយបន្ថែមទៀត នៅលើផ្លូវជាតិលេខ៦២ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់។ ការសម្រេចឱ្យដំឡើងស្ថានីយជញ្ជីងថ្លឹងរថយន្តនៅក្នុងខេត្តព្រះវិហារ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចសំណេះសំណាលនេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងនូវកង្វល់ជុំវិញការដឹកជញ្ជូនលើសទម្ងន់នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ជាពិសេសនៅលើផ្លូវជាតិលេខ៦២តែម្តង ដែលជាបញ្ហាប្រឈមមួយនាំឱ្យផ្លូវនេះរងការខូចខាត។
លោក សំ លាងទ្រី បានស្នើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យដំឡើងស្ថានីយជញ្ជីងថ្លឹងមួយទៀតនៅលើផ្លូវជាតិលេខ៦២ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឯកភាពទៅលើសំណើនេះ ហើយក៏បានណែនាំឱ្យលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានភារកិច្ចទទួលខុសត្រូវលើស្ថានីយជញ្ជីង និងការងារដឹកលើសទម្ងន់ចាត់ចែងរៀបចំដំឡើងស្ថានីយជញ្ជីងថ្លឹងរថយន្តនេះ។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើការដឹកលើសទម្ងន់នេះផងដែរ។ លោករដ្ឋមន្ត្រី បានលើកឡើងថា ការដឹកលើសទម្ងន់នេះបំផ្លាញផ្លូវខ្លាំងណាស់។ លោកបានលើកការគណនាតាមរូបមន្តមកបង្ហាញផងដែរថា ក្នុងរថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿងដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្តប្រមាណ ៨១ម៉ឺនគ្រឿងបើកលើផ្លូវនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្ថានីយជញ្ជឹងថ្លឹងរថយន្តចំនួន ២៧កន្លែងដាក់ពង្រាយនៅតាមបណ្តាផ្លូវជាតិនានា ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់។ ក្រៅពីស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តនេះទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានជញ្ជីងចល័តផងដែរ ចុះធ្វើសកម្មភាពថ្លឹងរថយន្តនៅតាមដងវិថីនានា៕