(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា បានផ្ដាំទៅកាន់សហរដ្ឋអាមេរិកថា កុំព្យាយាមយករឿងនយោបាយ ពិសេសពាក់ព័ន្ធជាមួយអតីតគណបក្សប្រឆាំង មកវាយតម្លៃលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ខណៈការងារនេះកម្ពុជា កំពុងតែខិតខំបង្ការទប់ស្កាត់ និងសង្គ្រោះជាប់ជាប្រចាំ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអះអាងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបន្ដផ្ដល់ចំណាត់ថ្នាក់លេខ២ ដល់ប្រទេសកម្ពុជា ដែលជាប្រទេសស្ថិតក្នុងការឃ្លាំមើល លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ការឲ្យដឹងរបស់លោកស្រី ជូ ប៊ុនអេង ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ស្ថាប័ន ចំនួន៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា គ្រប់ប្រទេសដែលជាហត្ថលេខី នៃអនុសញ្ញាអន្ដរជាតិ ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលក្នុងនោះ មានអំពើជួញដូរមនុស្សដែរនោះ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ទាក់ទងការបង្ការ ទប់ស្កាត់ ការជួយជនរងគ្រោះ ការអនុវត្តច្បាប់ ដែលមានទាំងការបង្ក្រាប មានសង្គ្រោះ មានផ្ដន្ទាទោស ឬមួយទាក់ទងការជួយជនរងគ្រោះ នៃអំពើនេះជាដើម។
លោកស្រី ជូ ប៊ុនអេង បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលយើងខំប្រឹងធ្វើ គឺធ្វើតាមហ្នឹងហើយ ប៉ុន្ដែយើងចង់និយាយថា មានរឿងខ្លះដែលគាត់(អាមេរិក) ដាក់សម្ពាធ បន្ថែមទៀតថា ឲ្យយើងធ្វើនេះធ្វើនោះ រហូតដល់គាត់កាយបញ្ចូលទៅក្នុងការងារនយោបាយ ដែលគាត់យកករណីបក្សប្រឆាំងអីមកនិយាយចូលក្នុងនេះ វាមិនមែនជារឿងដែលគួរនិយាយ បានន័យថា វាជារឿងបច្ចេកទេសក្នុងការប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស មិនគួរយករឿងនយោបាយមកវាយតម្លៃកម្ពុជាទាបបែបនេះទេ»។
គួរជម្រាបថា សហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ដល់ប្រទេសកម្ពុជា ដែលជាប្រទេសឃ្លាំមើលលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ រយៈពេល៣ឆ្នាំជាប់គ្នា ខណៈការវាយតម្លៃនេះ មានការប៉ះពាល់ដល់ឥទ្ធិពលនយោបាយ ពិសេសនយោបាយអន្ដរជាតិ ដែលបរទេសមិនបានឃើញកម្ពុជា នឹងជឿលើការវាយតម្លៃនេះ ហើយគេគិតថា កម្ពុជាមិនយកចិត្តទុកដាក់លើការងារនេះឡើយ។ នេះជាអ្វីដែលលោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូន ប៊ុនអេង បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ក្នុងកិច្ចប្រជុំជិត៣ម៉ោងនាព្រឹកមិញនេះ ក៏បានណែនាំដល់អន្ដរក្រសួងទាំងអស់ ត្រូវតែជំរុញបន្ថែមទៀតលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ អាចស្ដារពីលេខ២ ជាប្រទេសក្នុងការឃ្លាំមើលវិញមក។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ទៀតថា រាល់ចំណុចណាដែលខ្វះខាតត្រូវតែកែលម្អឡើងវិញ ហើយត្រូវជំរុញឲ្យចេញឲ្យបានឆាប់ ពាក់ព័ន្ធច្បាប់ស្ដីពីគោលនយោបាយ ឬវិធានការផ្សេងៗ។
សូមបញ្ជាក់ថា របាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។ ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន៩៧នាក់/៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី២២នាក់ អនីតិជន០៩នាក់ ជាជនបរទេស ១៤នាក់សញ្ជាតិចិន ១២នាក់ និងអាមេរិក០២នាក់។
សង្គ្រោះជនរងគ្រោះ ចំនួន២៦៣នាក់ (លើ១០៦នាក់) កើន១៥៧នាក់ ស្មើនឹង១៤៨% ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី១៨ឆ្នាំឡើង ១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច៧២នាក់ និងប្រគល់ទៅគ្រួសារ១៩១នាក់)៕