(ភ្នំពេញ)៖ នគរបាលរាជធានភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបរផ្ទុកសារធាតុញៀនម្នាក់ និងអ្នកបើកបរផ្ទុកគ្រឿងស្រវឹងចំនួន ១៨នាក់ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀន និងគ្រឿងស្រវឹងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងស្រវឹងរបស់នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា យានយន្តឆ្លងកាត់គោលដៅសរុបចំនួន ៧៨គ្រឿង កម្លាំងការិយាល័យចរាចរណ៍ បានចុះសហការជាមួយខណ្ឌព្រែកព្នៅ។ ប្រតិបត្តិការនេះ ចុះពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយប្រើកម្លាំងសរុប៥៧នាក់។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើតេស្តទឹកនោមចំពោះអ្នកបើកបរយានយន្តសរុបចំនួន ៦១នាក់ អ្នកបើកបររថយន្តចំនួន ៤៤នាក់ និងព្រូរថយន្តចំនួន១៧នាក់។ ដោយ រកឃើញអ្នកកបើកបរយានយន្តមានផ្ទុកនូវសារធាតុញៀនម្នាក់ផងដែរ។
*ប្រតិបត្តិការត្រួតពិនិត្យគ្រឿងសុវឹង កម្លាំងជំនាញបានត្រួតពិនិត្យអ្នកបើកបរយានយន្តសរុបចំនួន ៣៦៨គ្រឿង នៅខណ្ឌទួលគោក សរុប៨៤គ្រឿង (រថយន្តចំនួន១៩ និងម៉ូតូចំនួន៦៥), ខណ្ឌឫស្សីកែវ ត្រួតពិនិត្យបាន៩៤គ្រឿង (រថយន្តចំនួន៣៣ និងម៉ូតូចំនួន៦១គ្រឿង), ខណ្ឌព្រែកព្នៅ ត្រួតពិនិត្យរថយន្តចំនួន៧៨គ្រឿង, ខណ្ឌច្បារអំពៅ, ខណ្ឌពោធិ៍សែនជ័យ ត្រួតពិនិត្យរថយន្ត៧២គ្រឿង និងខណ្ឌមានជ័យ ត្រួតពិនិត្យរថយន្ត៤០គ្រឿង និងម៉ូតូចំនួន៤០គ្រឿង។
ក្នុងនោះ កម្លាំងជំនាញបានត្រួតពិនិត្យអ្នកបើកបររថយន្តបានចំនួន ១៣០នាក់ និងអ្នកបើកបរម៉ូតូចំនួន ២៣៨នាក់ ដោយបានធ្វើការអប់រំ អ្នកបើកបរយានយន្តដែលមានជាតិស្រវឹងក្រោម០,២៥ ចំនួន១០នាក់ ព្រមទាំងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងចាប់ពី ០,៤០ឡើងទៅ សរុបចំនួន០៨នាក់៕