(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់វិធានការតាមច្បាប់ ចំពោះក្រុមហ៊ុនសាងសង់ណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាឲ្យប្រកបអាជីវកម្មសាងសង់ ដែលចេញដោយក្រសួងរៀបចំដែនដី និងចំពោះម្ចាស់សំណង់ណា ដែលដំណើរការការដ្ឋានសាងសង់ ដោយមិនមានលិខិតអនុញ្ញាតចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ផ្ញើទៅកាន់អភិបាលរាជធានីខេត្តទាំង២៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដានេះ។
លោកក៏បានបញ្ជាក់ទៀតថា ការដាក់ចេញវិធានការនេះ ដើម្បីធានាការងារសំណង់ ការប្រើប្រាស់សំណង់ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ដោយធានានូវ គុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ សុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជនផងដែរ៕