(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា ខូ អិល ធី ឌី បានចេញសេចក្តីបំភ្លឺព័ត៌មាន ដើម្បីកុំឱ្យមហាជនមានការយល់ច្រឡំបន្តទៀត ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧៖១០នាទីយប់ ដែលបានបណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់ នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនកម្ពុជាតេលានោះទេ ហើយរថយន្តបង្កនោះ គឺជារបស់អតិថិជន ក្រុមហ៊ុនកម្ពុជាតេលា ឈ្មោះ ដេប៉ូ រតនាហ្គាស។
សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុនកម្ពុជាតេលា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមហ៊ុនកម្ពុជាតេលា សូមធ្វើការបំភ្លឺជូនសាធារណជន ជាពិសេសអង្គភាពសារព័ត៌មាន និងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ឲ្យបានជ្រាបថា រថយន្តស្លាកលេខ ភ្នំពេញ 3E-3345 ដែលបានបង្កគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតមន្ត្រីនគរបាលម្នាក់ មិនមែនជារថយន្តរបស់ក្រុមហ៊ុនកម្ពុជាតេលាទេ គឺជារថយន្តរបស់អតិថិជនក្រុមហ៊ុនកម្ពុជាតេលា ឈ្មោះ ដេប៉ូ រតនាហ្គាស។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដោយមានការសហការពីម្ចាស់រថយន្ត ដើម្បីឈានទៅដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ជាមួយគ្រួសារជនរងគ្រោះ។ ក្រុមហ៊ុនកម្ពុជាតេលា សូមសំណូមពរដល់អង្គភាពសារព័ត៌មានផ្សេងៗ ធ្វើការកែតម្រូវព័ត៌មាន ដែលមានការយល់ច្រឡំថា រថយន្តបង្ករជារបស់ក្រុមហ៊ុនកម្ពុជាតេលា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកម្ពុជាតេលា៖