(ភ្នំពេញ)៖ អតីតប្រធានគណបក្ស សម រង្ស៉ី លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានអះអាងថា ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលអនុម័តដោយសភាជាន់ទាបអាមេរិក ដើម្បីដាក់សម្ពាធលើមេដឹកនាំកម្ពុជា គឺប្រៀបដូចទីងមោង ដែលមិនមានប្រសិទ្ធភាព ចំពោះអ្នកមានអំណាចនៅកម្ពុជាឡើយ។
លោក គង់ គាំ បានលើកឡើងតាមរយៈបណ្តាញសង្គម Facebook របស់លោក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះថា សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ២០១៩ បានធ្វើច្បាប់ស្តីពី «ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩» ដែលបើឆ្លងព្រឹទ្ធសភា និងប្រធានាធិបតីជាវិជ្ជមាន ការចូលជាធរមានត្រូវឆ្លងរយៈពេលប្រមាណមួយឆ្នាំទៀត ដែលត្រូវនឹងឆ្នាំបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
លោកបញ្ជាក់ថា៖ «អ្នកមានអំណាចនៅកម្ពុជា មិនព្រឺព្រួចអំពីច្បាប់ដែលអាចគ្រាន់តែជាទីងមោងបន្លាចសត្វតែប៉ុណ្ណោះ គឺតាមនយោបាយលោកប្រធានាធិបតី ត្រាំ សហរដ្ឋអាមេរិកនឹងគោរពនយោបាយកសាង និងការពាររបស់ប្រទេសដ៏ទៃដោយខ្លួនគេផ្ទាល់»។
ការអះអាងរបស់អ្នកនយោបាយជើងចាស់កម្ពុជារូបនេះ បានធ្វើឡើងស្របពេលដែល សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា ដោយអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើកហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះ។
លោក គង់ គាំ បានបន្តថា៖ «អ្នកមានអំណាចនៅកម្ពុជា នឹងដាស់តឿនក្រើនរម្លឹកប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនខ្មែរថា សហរដ្ឋអាមេរិក និងក្រុម (លោកសម រង្ស៉ី/លោកកឹម សុខា) ដែលមានចេតនាចោទថា ឆ្កែឆ្កួត ដើម្បីវាយឆ្កែកំពុងបង្កភាពច្របូកច្របល់ អសន្តិសុខ ធ្វើឱ្យការរស់នៅ និងជីវភាព សុខចម្រើនសព្វថ្ងៃជួបទុក្ខវេទនាជាថ្មីទៀតដដែល ដូចសហរដ្ឋអាមេរិក និងក្រុម លន់ នល់ សិរិមតៈ ។ល។ ទម្លាក់សម្តេចនរោត្តម សីហនុ ឈូសឆាសង្គមរាស្ត្រនិយមម្តងទៀតជាក់ជាមិនខាន»៕