(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមកពី ៥៤ស្ថាប័ន ដែលកំពុងប្រកបអាជីវកម្មលើវិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សារកវិធីសាស្ត្រគន្លឹះរវាងស្ថាប័នរដ្ឋដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងស្ថាប័នឯកជនដែលមានអាជីវកម្មនៅតំបន់អង្គរ សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រកបដោយចីរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ភាពទាក់ទាញ និងការប្រកួតប្រជែងទីផ្សារទេសចរណ៍ពិភពលោក ព្រមទាំងរក្សា និងការពារបានគុណតម្លៃនៃបុរាណដ្ឋានផងដែរ។
ចំណុចសំខាន់ៗដែលវិស័យឯកជនបានលើកឡើងពីបញ្ហាក្នុងអាជីវកម្ម មានដូចជាការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ការចាក់ចម្រៀងដោយសំឡេងខ្លាំងៗពីសំណាក់ភ្ញៀវទេសចរជាតិ ការរៀបចំផ្លូវថ្នល់ ការប្រមូលផ្តុំភ្ញៀវទេសចរនៅតាមប្រាសាទធំសំខាន់ៗ ការបង្វែរគោលដៅទស្សនាឱ្យភ្ញៀវទេសចរបានទៅដល់ប្រាសាទ ឬកន្លែងផ្សេងៗទៀត ការបង្កើនសក្តានុពលទាក់ទាញ តាមរយៈការបង្កើតកញ្ចប់ទេសចរបែបសុខភាព និងរៀបអាពាហ៍ពិពាហ៍ ការត្រួតពិនិត្យប្រភេទកាម៉េរ៉ាថតសម្រាប់អាជីវកម្មជាដើម។ ដែលចំណុចទាំងនេះបានប៉ះពាល់ដល់អារម្មណ៍ទេសចរ និងសូមឱ្យមានការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។
ទាក់ទងនឹងបញ្ហាដែលបានលើកឡើង លោកស្រីរដ្ឋមន្ត្រីបានឆ្លើយបំភ្លឺភ្លាមៗចំពោះកិច្ចការដែលពាក់ព័ន្ធផ្ទាល់ ឬដោះស្រាយបានដោយអាជ្ញាធរជាតិអប្សរា ដូចជា ការរៀបចំជួសជុលឱ្យរួចរាល់នៅអំលុងឆ្នាំក្រោយ ចំពោះផ្លូវទាំងអស់ស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរដែលនឹងលេចចេញរូបរាងនាឆ្នាំក្រោយ ព្រមទាំងកំណត់ភារកិច្ចដល់អ្នកជំនាញ ឱ្យរៀបចំផែនការសកម្មភាពដោះស្រាយកង្វល់ពាក់ព័ន្ធនឹងការចោលសំរាម ការបង្វែរគោលដៅទេសចរណ៍ បញ្ជៀសការប្រមូលផ្តុំនៅតែប្រាសាទធំសំខាន់ៗ ព្រមទាំងវិធានការផ្សេងៗទៀតដើម្បីជំរុញប្រសិទ្ធិភាពការងារ ក្នុងនោះដើម្បីប្រសិទ្ធិភាពការងារ លោកស្រីក៏បានស្នើឱ្យវិស័យឯកជនទាក់ទងមកអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធព័ត៌មានសង្គមហ្វេសប៊ុក ឬតេឡេក្រាមផងដែរ។
ដោយឡែក ចំពោះបញ្ហាមួយចំនួនទៀតដែលមិនអាចដោះស្រាយបានដោយអាជ្ញាធរជាតិអប្សរា លោកស្រីវបានសន្យាថានឹងនាំយកការព្រួយបារម្ភរបស់វិស័យឯកជនជូនទៅគ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ព្រមទាំងនឹងរៀបចំអញ្ជើញស្ថាប័នរដ្ឋពាក់ព័ន្ធទាំងនោះមកចូលរួមប្រជុំលើកក្រោយៗទៀត។
លោកស្រីក៏សូមអំពាវនាវដល់វិស័យឯកជនចូលរួមផ្តល់យោបល់ ដើម្បីរួមចំណែកសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង៕