(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ រួមដំណើរដោយលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធនានា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តចាត់វិធានការក្ដៅ ក្នុងការកាត់ផ្លាកយីហោ ចំនួន១១ផ្ទាំង នៅតាមបណ្ដោយផ្លូវជាតិលេខ៥។
ក្នុងនោះក្រុមអាជីវករ បានយល់ព្រមកាត់ចេញដោយខ្លួនឯង ចំនួន២ផ្ទាំង ដែលបានតម្លើងដាក់តាំងរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ក្រោយពីមានបទបញ្ជាដាក់ចេញយ៉ាងម៉ឺងម៉ាត់ នៅក្នុងកិច្ចប្រជុំដោយលោក ជា ពិសី អភិបាលខណ្ឌ ក្នុងយុទ្ធនាការបន្តរៀបចំសណ្ដាប់ធ្នាប់ រំដោះរក្សាចំណីចិញ្ចើមផ្លូវឲ្យមានប្រសិទ្ធភាព តាមសេចក្ដីណែនាំលេខ០១៣/០៨សនណ ក្នុងស្មារតីអង្គប្រជុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពី លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ នៅក្នុងវិធានការក្ដៅដើម្បីបន្តរៀបចំសណ្ដាប់ធ្នាប់ រំដោះរក្សាចំណីចិញ្ចើមផ្លូវសាធារណៈ ឲ្យមានប្រសិទ្ធភាព តាមផែនការណែនាំរបស់សាលារាជធានីភ្នំពេញនេះ គឺបានធ្វើឡើងស្ថិតនៅលើកំណាត់អមសងខាងផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ បន្ទាប់ពីអាជ្ញាធរបានកាត់ផ្លាកយីហោ ចំនួន៣៥ផ្ទាំងរួចមកហើយ ដែលបានដាក់តាំងរំលោភលើចំណីចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម មានទាំងកាត់ការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ។
នាយករងរដ្ឋបាលខណ្ឌឫស្សីកែវរូបនេះ បានឲ្យដឹងផងដែរថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវសាធារណៈ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឫបង្កជាគ្រោះថ្នាក់ចរាចរ ជាដើម គឺត្រូវបានអនុវត្តឡើងជាប្រចាំ ក្នុងគោលបំណងបញ្ជៀសរាល់ការរំលោភបំពានផ្សេងៗ ពីប្រជាអាជីវករដាក់តាំងទំនិញ ឬសម្ភារ ក៏ដូចជាតម្លើងផ្លាកយីហោ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ មិនត្រូវបានអនុញាតិឲ្យកើតមានឡើងឡើយ ដែលជាគោលការដាក់ចេញយ៉ាងក្ដៅដោយ សាលារាជធានីភ្នំពេញ ក្នុងយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់រំដោះចំណីចិញ្ចើមផ្លូវ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០-២១ ខែមិថុនា និងថ្ងៃទី១៤ រហូតមកដល់ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបន្តចាត់វិធានការក្ដៅ ក្នុងកាត់ផ្លាកយីហោ ចំនួន៣៥ផ្ទាំងរួចមកហើយ។
ក្នុងនោះមានទាំងការកាត់នូវការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពី និងដកហូតដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកមករក្សាទុកពី ក្រុមអាជីវករ ដែលបានដាក់តាំងទំនិញ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋបណ្ដាលឲ្យ បាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ចាប់ពីចំណុចភ្លើងស្តុប៦២R ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅតាមសងខាងបណ្ដោយ ផ្លូវជាតិលេខ៥ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតនៅអមសងខាងផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ នៅអមសងខាងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ នៅភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ និងបន្តអនុវត្តរហូតដល់ស្ពានលោកឧកញ៉ា (លីយ៉ុងផាត) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក៕