(កំពង់ធំ)៖ លោក សុខ លូ បានជំរុញដល់អាជ្ញាធរក្រុង ស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាពន្លត់ភ្លើង កុំនាំគ្នាអង្គុយបក់ផ្សែង។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការរដ្ឋបាលឯកភាពថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ប្រមាណជិត១០០ នាក។
ក្រោយពីបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងបទល្មើស ក៏ដូចជាបញ្ហាប្រឈម ក្នុងការអនុវត្តកន្លងមក លោក សុខ លូ បានលើកឡើងថា រាល់បទល្មើសទាំងឡាយ ដែលបានកើតឡើង នៅក្នុងខេត្តកំពង់ធំ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ជាពិសេសត្រូវត្រួតពិនិត្យ លើសិប្បកម្មទាំងអស់ ឲ្យបានច្បាស់លាស់ ដែលនៅក្បែរតំបន់អភិរក្ស អាជ្ញាធរក្រុង ស្រុកត្រូវចុះបង្ក្រាបជាប្រចាំ រាល់បទល្មើស ដែលបានកើតឡើងជាក់ស្ដែង នៅក្នុងមូលដ្ឋានរបស់ខ្លួន.
លោកថ្លែងថា ត្រូវនាំគ្នាពន្លត់ភ្លើងកុំនាំគ្នាអង្គុយបក់ផ្សែង ត្រូវគ្រប់គ្រងព្រៃក្នុងតំបន់របស់ខ្លួនឲ្យបានល្អ ជាពិសេសព្រៃសហគមន៍ ត្រូវមានការត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ ដោយមានគណៈកម្មការ ចុះតាមដានព្រៃនៅតំបន់នោះជាប្រចាំ ដោយឡែកមន្ត្រីណា ដែលពាក់ព័ន្ធទៅនឹងបទល្មើស ត្រូវដកខ្លួនជាបន្ទាន់ ដើម្បីកុំឲ្យមានទោសទណ្ឌ ទៅតាមផ្លូវច្បាប់។
លោកបានបន្តថា រាល់ការចាប់បទល្មើស បើសិនមានអ្នកខលមកអន្តរាគមន៍ ត្រូវកត់ត្រាទុកដើម្បីធ្វើការស្រាវជ្រាវ វែកមុខអ្នកដែលចូលមកអន្តរាគមន៍ នៅរឿងបទល្មើសផ្សេងៗ ដើម្បីឱ្យស្របទៅនឹងគោលការណ៍ របស់សម្ដេចដែលបានលើកឡើង នូវអភិក្រមទាំង៥ ចូលរួមកែលម្អរររាល់កំហុស និងវះកាត់មន្ត្រីណា ដែលពាក់ព័ន្ធទៅនឹងបទល្មើស ដោយផ្ដោតសំខាន់យកច្បាប់ជាធំ។
ជាចុងក្រោយលោក បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើស ដែលកើតមាននៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ មានដូចជាបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងការទប់ស្កាត់នូវការគ្រោះថ្នាក់ចរាចរណ៍ជាដើម៕