(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ក្នុងឱកាសបន្ដចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង មកក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជា នឹងសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសចុះពិនិត្យផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអះអាងថា សម្រាប់ថវិកាសាងសង់ផ្លូវជាតិថ្មី មួយខ្សែនេះ គឺជាប្រាក់កម្ចីសម្បទានពីប្រទេសចិន មានតម្លៃប្រមាណ១៨៣លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលការបើកការដ្ឋានសាងសងផ្លូវការនោះ នឹងធ្វើព្រមគ្នាជាមួយការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនៅអំឡុងចុងឆ្នាំ២០១៩។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក៏មានបើកការដ្ឋានសាងសង់ផ្លូវលេខ១០ ចាប់ពីសំឡូត ចុះមកវាលវែង ទៅដល់កោះកុងតែម្ដង ចឹងកម្មវិធីធ្វើរួមគ្នា។ ផ្លូវលេខ១០នេះ គឺទទួលបានប្រាក់កម្ចីសម្បទានពីប្រទេសចិនដែរ ហើយថ្ងៃនេះតាមខ្ញុំដឹង រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកធ្វើដំណើរទៅប្រទេសចិន ដើម្បីពិភាក្សាលើប្រាក់កម្ចីនេះ»។
យ៉ាងណាក៏ដោយ សម្រាប់ពេលវេលាជាក់លាក់ នៃកម្មវិធីទាំងពីរនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែបង្ហើបថា នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយសម្ដេចជាអ្នកសម្រេចកំណត់យកថ្ងៃ សម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០។
ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវបានសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាបន្ដបន្ទាប់ ក្រោមកម្ចីសម្បទានពីបរទេសនេះ ក៏មានមតិមួយចំនួនបានលើកឡើង ដោយចោទសួរថា ហេតុអីបានជាកម្ពុជាមិនមានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង និងរង់ចាំតែកម្ចីពីបរទេសទៅវិញ?។
ជុំវិញចម្ងល់នេះត្រូវបានទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បកស្រាយយ៉ាងច្បាស់ៗត្រឡប់ទៅវិញថា គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក លើកលែងតែប្រទេសព្រុយណេមួយប៉ុណ្ណោះ ដែលមិនមានកម្ចីប្រាក់ពីបរទេស ហើយក្រៅពីនោះ សុទ្ធតែមានខ្ចីលុយពីបរទេសទាំងអស់ ដើម្បីមកកសាងជាតិ មាតុភូមិរបស់គេ។
ត្រង់ចំណុចនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការកម្ចីពីបរទេសនេះមិនមែនបញ្ជាក់ថា ប្រទេសកម្ពុជាខ្លូនឯងមិនមានលុយនោះទេ ប៉ុន្ដែកម្ពុជាត្រូវការថវិកាដើម្បីបែងចែកទៅផ្នែកផ្សេងៗ នៅក្នុងប្រទេស ខណៈដែលការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការថវិកាច្រើន ហើយទើបដៃគូអភិវឌ្ឍន៍របស់កម្ពុជាបានអនុញ្ញាតឲ្យខ្ចី ក្នុងអត្រាការប្រាក់ទាប។ ចំពោះការខ្ចីលុយនេះ ទេសរដ្ឋមន្ដ្រីបានអះអាងថា កម្ពុជាបានគ្រប់គ្រងថវិកាទាំងអស់នេះ បានយ៉ាងល្អដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕