(កំពង់ចាម)៖ ខណៈការប្រឡងបាក់ឌុបកាន់តែកៀកជិតមកដល់ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន POSCAR CAMBODIA បានធ្វើការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «កម្មវិធីពង្រឹងសមត្ថភាព សិស្សថ្នាក់ទី១២» ដែលមានតំណភ្ជាប់៖ http://bacii.moeys.gov.kh សម្រាប់វាស់ស្ទង់សមត្ថភាព សិស្សានុសិស្សថ្នាក់ទី១២ លើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងប្រវត្តិវិទ្យា។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ជំនួយស្មារតីសិស្សានុសិស្ស ជួយឲ្យពួកគេអាចវាស់ស្ទង់ និងមានទំនុកចិត្តលើសមត្ថភាព ដោយខ្លួនឯងត្រៀមខ្លួន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង នាពេលខាងមុខ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ដែលមានសិស្សចូលរួម សរុប២០៤នាក់ ស្រី១០៤នាក់ និងវិទ្យាល័យ ហ៊ុន សែន ខ្ចៅ មានសិស្សចូលរួមសរុប១៨៨នាក់ ស្រី១១៤នាក់។
លោក សុក ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំអំពីសារៈប្រយោជន៍ នៃប្រព័ន្ធតេស្តសមត្ថភាពនេះ ក៏ដូចជាបានផ្តែផ្តាំដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម ឲ្យខិតខំបន្ថែមទៀត ដើម្បីប្រឡងជាប់គ្រប់ៗគ្នា ខណៈនៃការប្រឡងសល់មិនដល់១ខែទៀត។
ក្នុងនោះ ក៏មានការធ្វើបទបង្ហាញស្ដីពី ការប្រើប្រាស់ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដោយលោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Cambodia និងជាអ្នកជំនាញបង្កើតកម្មវិធី ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ផងដែរ។
នាយក នៃវិទ្យាល័យ ហ៊ុនសែន ខ្ចៅ លោក ទេព្វ កុសល្យ បានថ្លែងប្រាប់ថា ក្រោយពីបានទទួលការបណ្តុះបណ្តាល អំពីប្រព័ន្ធតេស្តសមត្ថភាពថ្នាក់ទី១២នេះ កាលពីឆ្នាំកន្លងទៅ សិស្សានុសិស្សនៃឆ្នាំសិក្សា២០១៧-២០១៨ បានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលជាផ្នែកមួយជួយពង្រឹងដល់ការប្រឡងថ្នាក់ជាតិ។ ជាការកត់សម្គាល់តាម លោក ទេព្វ កុសល្យ បានបន្ថែមថា មធ្យមភាគ នៃការជាប់បាក់ឌុប នៃឆ្នាំសិក្សា២០១៧-២០១៨ មានការកើនឡើងពី៥៣ភាគរយ ទៅ៨៥ភាគរយ។
គួរជម្រាបថា ប្រព័ន្ធតេស្តសមត្ថភាពសិស្សថ្នាក់ទី១២ ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន POSCAR CAMBODIA ដើម្បីជាផ្នែកមួយ ក្នុងការជួយដល់សិស្សានុសិស្ស អាចធ្វើការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន មុននឹងឈានដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលដ៏ឆាប់ខាងមុខនេះ។
ប្រព័ន្ធតេស្តសមត្ថភាពសិស្សថ្នាក់ទី១២នេះ ត្រូវបានសម្រិតសម្រាំងជាពិសេស ដែលមាន៥មុខវិជ្ជាដូចជា៖ គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងប្រវត្តិវិទ្យា។ សិស្សានុសិស្សទាំងអស់ អាចចុះឈ្មោះ និងប្រើប្រាស់ប្រព័ន្ធនេះបានដោយសេរីតាមរយៈ៖ http://bacii.moeys.gov.kh៕