(ស្ទឹងត្រែង)៖ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា សាច់ជ្រូកនៅផ្សារសាមគ្គី ក្នុងខេត្តស្ទឹងត្រែង មិនមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។
លោកថ្លែងថា នៅខេត្តស្ទឹងត្រែង មិនទាន់មានកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ដូច្នេះសូមប្រជាពលរដ្ឋ កុំព្រួយបារម្ភឲ្យសោះ ហើយនាំគ្នាទទួលទានឡើង
វិញ។ ការដាក់លក់សាច់ជ្រូក នៅលើទីផ្សារខេត្តស្ទឹងត្រែង គឺខាងជំនាញមានការពិនិត្យយ៉ាងត្រឹមត្រូវ មិនអនុញ្ញាត្តឲ្យអាជីវករណា លក់សាច់ជ្រូកមានជំងឺឡើយ ។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។
បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានធ្វើឲ្យអ្នកលក់សាច់ជ្រូក នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង មានការអ៊ូររទាំថាលក់មិនដាច់ ដោយសារអ្នកបរិភោគខ្លាចរអារ និងជំងឺមួយនេះ។
ជាមួយគ្នានេះ អ្នកស្រី សីលា អាជីវករលក់សាច់ជ្រូក នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង បានរៀបរាប់ថា រយៈពេល១០ថ្ងៃមកនេះ គាត់មិនសូវដាច់នោះទេ គឺមានការថយចុះជាងពេលមុន។ ពីមុនធ្លាប់លក់ដាច់ ពី១០០គីឡូក្រាម ទៅ១៥០គីឡូក្រាម ឥឡូវលក់បានតែជាង ៤០គីឡូក្រាមប៉ុណ្ណោះ។
របាយការណ៍ក្រសួងសុខាភិបាល បានឱ្យដឹងថា តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រហូតមកដល់ពេលនេះ នៅកម្ពុជាមានជ្រូកងាប់សរុប ២,៩៦០ក្បាល។
របាយការណ៍បានបង្ហាញថា ខេត្តដែលផ្ទុះជំងឺនេះ ហើយមានជ្រូកងាប់រួមមាន៖
១៖ ខេត្តត្បូងឃ្មុំ ជ្រូកស្លាប់សរុបចំនួនចំនួន ១១៩ក្បាល។
២៖ ខេត្តស្វាយរៀង ជ្រូកស្លាប់សរុបចំនួន ៩០ក្បាល។
៣៖ ខេត្តតាកែវ ជ្រូកស្លាប់សរុបចំនួន ៤៣ក្បាល។
៤៖ ខេត្តកណ្តាល ជ្រូកស្លាប់ ៣៩ក្បាល
៥៖ ខេត្តរតនគីរី ជ្រូកស្លាប់សរុប ១,៩៧៩ក្បាល (បច្ចុប្បនស្ងប់ស្ងាត់ជំងឺហើយ)។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះធ្វើឲ្យជ្រូកងាប់ មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលអាចបណ្តាលឲ្យមាន ការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕